សម្តេចតេជោ ហ៊ុន សែន៖ អម្រែកកិច្ចការពីអ្នកជំនាន់ចាស់ ពិតជាធ្ងន់ណាស់សម្រាប់អ្នកបន្តវេន ដែលពួកគេនឹងបន្តរែកពន់
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការជឿជាក់យ៉ាងមុតមាំចំពោះសមាសភាពគណៈរដ្ឋមន្ត្រីនីតិកាលទី៧ ខណៈអម្រែកកិច្ចការដែលបន្តពីគណៈរដ្ឋមន្ត្រីនីតិកាលទី៦នោះ គឺពិតជាធ្ងន់ណាស់សម្រាប់អ្នកបន្តវេន ដែលនឹងត្រូវរែកពន់បន្ត ។
ក្នុងសន្និសីទព័ត៌មាន នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្ដេចតេជោបានបញ្ជាក់ថា «ខ្ញុំគិតថាពួកគេពិតជាមានលទ្ធភាពធ្វើកិច្ចការដែលនៅសេសសល់ វាមិនមែនគ្រាន់តែជាការដោះស្រាយ បញ្ហាទៅមុខប៉ុណ្ណោះទេ តែអម្រែកកិច្ចការពីអ្នកជំនាន់ចាស់ វាពិតជាធ្ងន់ណាស់សម្រាប់អ្នកបន្តវេន ដែលពួកគេនឹងបន្តរែកពន់កិច្ចការដែលយើងធ្លាប់រែកពន់នោះ»។
សម្ដេចតេជោបន្ថែមថា ការផ្ទេរតំណែងដឹកនាំប្រទេសទៅឱ្យនាយករដ្ឋមន្ត្រី ក៏ដូចជាគណៈរដ្ឋមន្ត្រីនីតិកាលទី៧នេះ គឺជាការផ្ទេរទាំងតំណែងនិងអំណាចពិតប្រាកដ មិនដូចការបកស្រាយទាំងងងឹតល្ងង់របស់ក្រុមប្រឆាំងក្រៅស្រុកនោះឡើយ ពីព្រោះតំណែងតែងនៅជាមួយអំណាច មិនអាចមានតែតំណែងតែគ្មានអំណាចសម្រេចលើកិច្ចការនានានោះឡើយ ៕