អគ្គាធិការដ្ឋានក្រសួងមុខងារសាធារណៈ បេីកវគ្គបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពមន្ត្រីអធិការកិច្ចពាក់ព័ន្ធនឹងអធិការកិច្ចវិស័យមុខងារសាធារណៈ
ភ្នំពេញ៖ ឯកឧត្តម សួន រស្មី អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃពុធ ៧កេីត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីបេីកវគ្គបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពមន្ត្រីអធិការកិច្ចស្តីពី វិធីសាស្ត្រនៃការធ្វេីអធិការកិច្ចលេីការផ្លាស់ប្តូរស្ថានភាពរដ្ឋបាលនិងគ្រួសារមន្ត្រីរាជការស៊ីវិលពាក់ព័ន្ធនឹងការបង្កក ការបង្វែរប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗ។
វគ្គបណ្តុះបណ្តាល មានការចូលរួមពី ឯកឧត្តម លោក លោកស្រី អគ្គាធិការរង ប្រធាននាយកដ្ឋាន អធិការ អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីរាជការនៃអគ្គាធិការដ្ឋានក្រសួងមុខងារសាធារណៈប្រមាណ ៧២រូប។
ក្នុងពិធីនេះ លោក គឹម ឌីណា អគ្គាធិការរង បានឡេីងអានរបាយការណ៍ពាក់ព័ន្ធការខិតខំរៀបចំ និងកសាងសេចក្តីព្រាងសេចក្តីណែនាំ និងប្រមូលបានធាតុចូល ដោយមានកិច្ចប្រជុំពិភាក្សាយ៉ាងតិច៨លេីក និងមានការចូលរួមពីអង្គភាពពាក់ព័ន្ធនឹងការកសាងនាពេលកន្លងមក។
ជាកិច្ចបន្ត លោក ម៉ុត សារៈ បានឡេីងធ្វេីបទបង្ហាញពាក់ព័ន្ធនឹងខ្លឹមសារ សេចក្តីព្រាងវិធីសាស្ត្រនៃការធ្វេីអធិការកិច្ចលេីការផ្លាស់ប្តូរស្ថានភាពរដ្ឋបាលនិងគ្រួសារមន្ត្រីរាជការស៊ីវិលពាក់ព័ន្ធនឹងការបង្កក ការបង្វែរប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗ ដោយលម្អិត ជូនវគ្គបណ្តុះបណ្តាលបានជ្រួតជ្រាប។
ក្នុងឱកាសនោះ ឯកឧត្តម សួន រស្មី អគ្គាធិការ បានចូលរួមអបអរសាទរ និងគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសដែលព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។
ក្នុងពិធីនោះ ឯកឧត្តមអគ្គាធិការ បានកោតសរសេីរចំពោះការខិតខំបំពេញការងារនាពេលកន្លងមករបស់ ឯកឧត្តមអគ្គាធិការរង ប្រធាននាយកដ្ឋាន អធិការ និងមន្ត្រីរាជការ នៃអគ្គាធិការដ្ឋាន ដែលបានយកចិត្តទុកដាក់សិក្សារៀនសូត្រ ស្វែងយល់ ព្រមទាំងស្រាវជ្រាវច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានដេីម្បីមានមូលដ្ឋានក្នុងការកសាងលិខិតបទដ្ឋានគតិយុត្តនានា តាមតម្រូវការចាំបាច់របស់អគ្គាធិការដ្ឋាន។
ឯកឧត្តមអគ្គាធិការ បានមានប្រសាសន៍បន្ថែមថា ការរៀបចំវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះក្នុងគោលបំណង និងគោលដៅ ពង្រឹង និងអភិវឌ្ឍសមត្ថភាពមន្ត្រីអធិការកិច្ច ដេីម្បីបំពេញភារកិច្ចប្រកបដោយគុណភាពខ្អស់ ឆ្លេីយតបតម្រូវការងារជាក់ស្តែងនាពេលបច្ចុប្បន្ន។
មុននឹងបញ្ចប់ ឯកឧត្តមអគ្គាធិការ មានមតិផ្តាំផ្ញេី និងណែនាំដល់មន្ត្រីរាជការទាំងអស់នៃអគ្គាធិការដ្ឋាន មានដូចជា៖
១.សូមថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃអគ្គាធិការដ្ឋាន ចូលរួមអនុវត្តការងារតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត ពិសេសតាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួង និងអគ្គាធិការដ្ឋាន
២.សូមចែករំលែកចំណេះដឹង បទពិសោធន៍ដែលមានទៅមន្ត្រីរាជការនៃអគ្គាធិការដ្ឋានដេីម្បីរួមចំណែកបំពេញការងារប្រកបដោយគុណភាព
៣.សូមមកបំពេញការងារអោយបានទៀងទាត់ និងដោយការហ្មត់ចត់ ព្រមទាំងមានការទទួលខុសត្រូវខ្ពស់ក្នុងការងារ
៤.សូមបន្តខិតខំសិក្សារៀនសូត្រ ស្វែងយល់ ដកពិសោធន៍ និងអភិវឌ្ឍសមត្ថភាពបន្ថែម។
ចុងបញ្ចប់ ឯកឧត្តម សួន រស្មី អគ្គាធិការ បានជូនពរ ឯកឧត្តម លោក លោកស្រី សូមមានសុខភាពល្អ កំលាំងមាំមួន ប្រាជ្ញាភ្លឺថ្លា និងបំពេញការងារទទួលជោគជ័យគ្រប់ភារកិច្ច ៕