រដ្ឋមន្ត្រីក្រសួងសាធារណការថ្មី ប្តេជ្ញាយកនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ មកបម្រើជាតិ
ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា ក្រោយពីបានត្រូវតែងតាំងជា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្តេជ្ញាយកនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ ដែលបានរៀនសូត្រ និងចូលរួមអនុវត្តពីថ្នាក់ដឹកនាំ ជារៀមច្បង អស់រយៈពេលជាង ៧ឆ្នាំ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន មកប្រើប្រាស់ឱ្យអស់ ពីសមត្ថភាព និងកម្លាំងកាយចិត្ត ដើម្បីបន្តអភិវឌ្ឍវិស័យនេះ ឱ្យកាន់តែមានវឌ្ឍនភាព រីកចម្រើនបន្ថែមទៀត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានផ្ដោតលើគោលនយោបាយអាទិភាព សម្រាប់ការអភិវឌ្ឍន៍ ចំនួន ៥ចំណុច រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមជឿជាក់ថាៈ ថ្នាក់ដឹកនាំ និងបុគ្គលិក មន្ត្រីរាជការក្រសួង នឹងខិតខំយកអស់កម្លាំងកាយចិត្ត និងសមត្ថភាពចូលរួមអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ក្នុងនីតិកាលទី៧ ប្រកបដោយឆន្ទៈមោះមុត ភាពបុរេសកម្ម និងអន្តរសកម្ម ដើម្បីសហការគ្នា ជាធ្លុងមួយសម្រេ ឱ្យបាននូវសមិទ្ធផលការងារថ្មីៗ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ជូនរាជរដ្ឋាភិបាល និងជាប្រយោជន៍ ដល់សាធារណជនជារួម។
សូមជម្រាបជូនថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទាន តែងតាំងឯកឧត្តម ប៉េង ពោធិ៍នា ជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ៕