នាយករដ្ឋមន្ត្រីរុស្ស៊ី៖ ទំនាក់ទំនាក់ជាប្រពៃណីរវាងរុស្ស៊ី និងកម្ពុជា នឹងត្រូវបានពង្រីកបន្ថែមទៀត នៅក្នុងអាណត្តិរបស់នាយករដ្ឋមន្ត្រីកម្ពុជាថ្មី
ភ្នំពេញ៖ ឯកឧត្តម Mikhail Mishustin នាយករដ្ឋមន្ត្រី នៃសហព័ន្ធរុស្ស៊ី មានសង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទំនាក់ទំនាក់ជាប្រពៃណីរវាងរុស្ស៊ី និងកម្ពុជា នឹងត្រូវបានពង្រីក និងពង្រឹងបន្ថែមទៀត។ នេះបើយោងតាមសារលិខិតរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីរុស្ស៊ី ផ្ញើជូនឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។
ឯកឧត្តមនាយករដ្ឋមន្ត្រីរុស្ស៊ី បានបញ្ជាក់បន្ថែមនៅក្នុងសារលិខិតថា “ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបំពេញការងារជាមួយឯកឧត្តមនាយករដ្ឋមន្ត្រី ដើម្បីលើកកម្ពស់នូវកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាមួយគ្នា មានដូចជា វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្រ្ត បច្ចេកទេស វប្បធម៌ និងកិច្ចការមនុស្សធម៌ ដែលជាតម្រូវការរបស់រុស្ស៊ី និងកម្ពុជា”។
បន្ថែមពីលើនេះ ឯកឧត្តមនាយករដ្ឋមន្ត្រីរុស្ស៊ី ក៏ឆ្លៀតឱកាសសម្តែងនូវការគាំទ្រ និងអបអរសាទរ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសចូលកាន់តំណែងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាផ្លូវការផងដែរ។
សូមរម្លឹកថា ឆ្នាំ២០២៣នេះ គឺជាខួបទី៦៧ឆ្នាំ នៃការភ្ជាប់ទំនាក់ទំនងការទូតរវាងកម្ពុជា និងរុស្ស៊ី ដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ហើយដែលកាលនោះរុស្ស៊ីគឺជាសហភាពសូវៀត ៕