ឯកឧត្តមរដ្ឋមន្រ្តី អ៊ាង សុផល្លែត អញ្ជើញចូលរួម ជាមួយថ្នាក់ដឹកនាំ ប្រារព្ធពិធីសូត្រមន្ត ប្រោសព្រំ លើករាសី តាមប្រពៃណីជាតិខ្មែរ នៅទីស្តីការក្រសួងបរិស្ថាន
ភ្នំពេញ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវ នារសៀលថ្ងៃសៅរ៍ ១០កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញចូលរួម ជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ បានប្រារព្ធពិធីសូត្រមន្ត ប្រោសព្រំ លើករាសី តាមប្រពៃណីជាតិខ្មែរ នៅទីស្តីការក្រសួងបរិស្ថាន។
នៅក្នុងពិធីនេះ មានការនិមន្តព្រះសង្ឃសូត្រធម៌ប្រោសព្រំសព្វសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូន ចំពោះឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ ទាំងអស់ ដើម្បីសូមសេចក្តីសុខចម្រើន និងសូមឲ្យទេវតា តាមជួយបីបាច់ថែរក្សា ឲ្យបានសេចក្តីសុខសប្បាយគ្រប់ទីកន្លែង និងឧទ្ទិសបុណ្យកុសល ជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជន និងជនស្នេហាជាតិទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានជួបសំណេះសំណាល សួរសុខទុក្ខ និងថតរូបអនុស្សាវរីយ៍ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ៕