នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលអាណត្តិថ្មី នឹងរួមគ្នាថែរក្សាសមិទ្ធផល ដែលថ្នាក់ដឹកនាំអាណត្តិមុន ខិតខំកសាង
ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិថ្មី នឹងរួមគ្នាថែរក្សាសមិទ្ធផលដែលថ្នាក់ដឹកនាំអាណត្តិមុន ខិតខំកសាង និងបន្សល់ទុកដល់កូនចៅជំនាន់ក្រោយ ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិក នៅតំបន់វត្តព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែសីហា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គោលបំណងចំនួន២ ដែលជួបជាមួយបងប្អូនកម្មករនិយោជិតនាថ្ងៃនេះ ទី១.គឺដើម្បីអរគុណចំពោះបងប្អូនកម្មករនិយោជិត និងម្ចាស់រោងចក្រនានា ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល និងបានចូលរួមជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងបំពេញការងារក្នុងវិស័យកាត់ដេរ នៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន។ ទី២.រាជរដ្ឋាភិបាលអាណត្តិថ្មី ប្ដេជ្ញាចិត្តចំពោះបងប្អូនប្រជាពលរដ្ឋ អំពីកម្មវិធីគោលនយោបាយនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។