ប្រកាសចូលកាន់មុខតំណែង ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ជាមេបញ្ជាការកងទ័ពជើងគោក
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ជាអគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក។
មានប្រសាសន៍ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តដឹកនាំនាវាកម្ពុជា ធានាបាននិរន្តរភាពជាតិ សន្តិភាព ស្ថិរភាពយូរអង្វែង ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បញ្ជាក់ថា ក្នុងន័យនេះ កងយោធពលខេមរភូមិន្ទ ប្តេជ្ញាគាំទ្រពេញទំហឹង និងចូលរួមអនុវត្តយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងការអនុវត្តវិធានការ គោលនយោបាយ និងកម្មវិធីនានា នៅក្នុងក្របខណ្ឌនៃ «យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១»។
ជាមួយនោះ កងយោធពលខេមរភូមិន្ទ សូមប្តេជ្ញាការពាររាជដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត និងកម្ទេចចោលរាល់អំពើក្បត់ជាតិ មនោគមន៍វិជ្ជាជ្រុលនិយម ដែលមានគោលបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាល៕