នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលដល់លោកយាយ ពន្លក ហាក់ និងអ៊ំស្រី សង សុផល មានបញ្ហាភ្នែកទ្បើងបាយទាំងសងខាង
ភ្នំពេញ៖ លោកយាយ ពន្លក ហាក់ អាយុ ៧៥ឆ្នាំ និង អ៊ំស្រី សង សុផល អាយុ ៥៩ឆ្នាំ រស់នៅភូមិកាងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ មានអាការៈភ្នែកទ្បើងបាយទាំងសងខាង បណ្តាលឱ្យមើលពុំឃើញច្បាស់ ហើយពុំមានលទ្ធភាពព្យាបាលព្រោះមានជីវភាពខ្វះខាត។
ដោយសារមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ធ្វើការវះកាត់ ព្យាបាលភ្នែកទាំងសងខាងរបស់លោកយាយ និងអ៊ំស្រី ប្រកបដោយជោគជ័យនៅមន្ទីរពេទ្យព្រះអង្គឌួង កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។
បច្ចុប្បន្ននេះ គាត់ទាំងពីរអាចមើលឃើញច្បាស់សារជាថ្មីឡើងវិញ ជាមួយនឹងអារម្មណ៍រំភើបរីករាយជាអនេក ។
រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល វះកាត់ ស្នាក់នៅ និងហូបចុក គឺត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។