ឯកឧត្តម ហ៊ុន ម៉ាណែត៖ សារអបអរសាទរខ្ញុំជានាយករដ្ឋមន្ត្រីកម្ពុជា របស់ប្រធានគណៈកម្មការអឺរ៉ុប គឺតំណាងឱ្យប្រទេសនៅអឺរ៉ុបទាំងមូល
ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណមេដឹកនាំប្រទេសជាមិត្តទាំងអស់ ដែលផ្ញើសារអបអរសាទរ ឯកឧត្តមជានាយករដ្ឋមន្ត្រី ។ ឯកឧត្តមបញ្ជាក់ថា សារអបអរសាទររបស់ប្រធានគណៈកម្មការអឺរ៉ុប គឺតំណាងឱ្យប្រទេសនៅអឺរ៉ុបទាំងមូល។
ក្នុងឱកាសអញ្ចើញចុះជួបកម្មករជិត ២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ នាថ្ងៃទី២៩ សីហានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ការងារជានាយករដ្ឋមន្ត្រី របស់ឯកឧត្តមនាពេលនេះ ស្មើនឹងទម្ងន់យន្តហោះធំៗចំនួន១០ សង្កត់លើឯកឧត្តម។
ឯកឧត្តមលើកឡើងថា ឯកឧត្តមមិនជំទាស់នឹងក្រុមប្រឆាំងនៅអាមេរិក ដែលគ្រោងធ្វើបាតុកម្មប្រឆាំងនឹងឯកឧត្តមនោះទេ តែត្រូវគោរពសិទ្ធិអ្នកដែលទៅគាំទ្រឯកឧត្តមផង។ ឯកឧត្តមថា ផែនការរបស់ក្រុមប្រឆាំងនៅអាមេរិក ដែលទាមទារមិនឲ្យ UN ទទួលស្គាល់ឯកឧត្តម គឺជាផែនការបរាជ័យ ។
ជាមួយគ្នានោះនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ការទទួលជួបប្រតិភូអាមេរិក កាលពីម្សិលមិញ ជាការបង្ហាញច្បាស់ថា អាមេរិកទទួលស្គាល់រាជរដ្ឋាភិបាលថ្មី ដែលមានឯកឧត្ដមជាប្រមុខដឹកនាំ ៕