ឯកឧត្តម ហ៊ុន ម៉ាណែត៖ ល្មមដល់ពេលយើងជជែកគ្នា ខុសគ្នាតែគោលនយោបាយ តែកុំទៅឈ្លោះគ្នា កុំទៅវ៉ៃគ្នានៅអាមេរិក
ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសមិនជំទាស់នឹងគម្រោងធ្វើបាតុកម្មប្រឆាំងនឹងឯកឧត្តម អំឡុងកិច្ចប្រជុំអង្គការសហប្រជាជាតិ នាខែកញ្ញា ខាងមុខនេះទេ ប៉ុន្តែក្រុមប្រឆាំងទាំងនោះ ក៏ត្រូវគោរពសិទ្ធិអ្នកដែលទៅគាំទ្រឯកឧត្តម ហើយធ្វើយ៉ាងណាកុំឱ្យមានជម្លោះខ្មែរ និងខ្មែរ នៅលើទឹកដីអាមេរិក។
ក្នុងឱកាសជួបកម្មករជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ នាថ្ងៃទី២៩ សីហា ឯកឧត្តមបណ្ឌិតបញ្ជាក់ថា «សូមកុំធ្វើអ្វីដែលនាំឱ្យមានជម្លោះរវាងបងប្អូនអ្នកគាំទ្រ និងអ្នកប្រឆាំង ល្មមដល់ពេលហើយ យើងជជែកគ្នា ខុសគ្នាតែគោលនយោបាយ តែកុំទៅឈ្លោះគ្នា កុំទៅវ៉ៃគ្នានៅអាមេរិក» ។
ឯកឧត្តមបន្តថា បងប្អូនបាតុកម្មចុះ តែសូមគោរពសិទ្ធិពលរដ្ឋ ដែលមកពីប្រទេសផ្សេងៗ ដែលទៅទទួលស្វាគមន៍ឯកឧត្តមផង ។
ឯកឧត្តមថា គោលដៅបាតុកម្មនោះ គឺបរាជ័យបាត់ទៅហើយ ដោយសារតែទាមទារឱ្យ UN កុំទទួលស្គាល់ឯកឧត្តមជានាយករដ្ឋមន្រ្តី ៕