រដ្ឋមន្ត្រីអប់រំ៖ ការកំណែទម្រង់សាលារៀនជំនាន់ថ្មីមិនមានតែនៅក្នុងរាជធានីភ្នំពេញនោះទេ នៅតាមខេត្តមួយចំនួនក៏មានដែរ
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រអប់រំជូនគរុនិស្សិតជំនាន់ទី១ នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង ដែលពិធីនេះរៀបចំឡើងក្នុងសាលប្រជុំពិភពសិក្សានៃវិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបង ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន មានប្រសាសន៍បន្តថា វិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបងនេះ ជាវិទ្យាស្ថានមួយ ដែលជាសមិទ្ធផលដែលលេចឡើងក្រោមជំនួយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលនៃប្រទេសជប៉ុន តាមរយៈអង្គកាចៃកា ដែលធ្វើឲ្យវិទ្យាស្ថាននេះមានសូចនាករស្នូលមួយក្នុងការបណ្ដុះបណ្ដាលនូវគុណវុឌ្ឍិរបស់គ្រូបង្រៀនថ្នាក់បរិញ្ញាបត្រអប់រំ និងធ្វើវិក្រិតការគ្រូបង្រៀនកម្រិត បឋមសិក្សា និងកម្រិតមូលដ្ឋានបង្រៀននៅអនុវិទ្យាល័យ ចំពោះគរុនិស្សិតទាំងបរិញ្ញាបត្រ ១២ បូក ៤ និង ១២ បូក២ ក្នុងការទទួលនូវអត្ថប្រយោជន៍ដ៏ពិសេសនេះ។
ឯកឧត្តម បានសម្ដែងនូវកតញ្ញូតាធម៌ដល់រាជរដ្ឋាភិបាលជប៉ុនដែលបានផ្ដល់ថ្លៃថ្លានេះ ជូនប្រទេសកម្ពុជាតាមរយៈអង្គការចៃការ ដើម្បីកសាងនូវធនធានមនុស្ស សម្រាប់អភិវឌ្ឍន៍ធនធានមនុស្សនៅជំនាន់ក្រោយ។
ឆ្លៀតឱកាសនេះដែរ នៅក្នុងនីតិកាលទី៧ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតនូវយុទ្ធសាស្ត្របញ្ចកោណ ដែលក្នុងនោះ គឺមានការលើកកម្ពស់នូវវិស័យអប់រំផងដែរ ក្នុងការបង្កើតនូវគុណភាពនៃធនធានមនុស្ស ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអនុវត្តគោលនយោបាយរបស់ប្រទេស។
ឯកឧត្តម ហង់ ជួនណារ៉ុន មានប្រសាសន៍បន្តទៀតថា មុននឹងក្លាយជាគរុនិស្សិតក្នុងថ្ងៃនេះ គរុនិស្សិតទាំងអស់ត្រូវឆ្លងកាត់ជាច្រើនដំណាក់កាលដូចជានៅការប្រឡង ការបណ្ដុះបណ្ដាល ក៏ដូចជាការប្រឡងចេញផងដែរ។ ហើយមិនត្រឹមតែប៉ុណ្ណោះ គរុនិស្សិតនៃវិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបង ជាធនធានដំបូងដែលមានភារៈកិច្ចចម្បង ក្នុងការបន្តនូវកំណែទម្រង់សាលារៀន ឲ្យក្លាយជាសាលារៀនជំនាន់ថ្មីផងដែរ មិនថានៅក្នុងខេត្តបាត់ដំបង ឬនៅតាមបណ្ដាលខេត្តផ្សេងៗ ដែលខ្លួនបានចាប់ប៉ុស្តិ៍។
ឯកឧត្តមមានប្រសាសន៍បន្តទៀតថា ការកំណែទម្រង់សាលារៀនជំនាន់ថ្មីមិនមានតែនៅក្នុងរាជធានីភ្នំពេញនោះទេ នៅតាមខេត្តមួយចំនួន ប្រមាណជាង១០០សាលាក៏មានការប្រើប្រាស់កម្មវិធីកំណែទម្រង់នេះដែរ ក្នុងនោះខេត្តបាត់ដំបងក៏មានផងដែរ ដែលមានដូចជាវិទ្យាល័យនេតយ៉ង់។
ឯកឧត្តម ហង់ ជួនណារ៉ុន បានមានប្រសាសន៍បន្តទៀតថា គោលនយោបាយកំណែទម្រង់នេះ និងត្រូវបន្តកំណែទម្រង់សាលាមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ទៅជាសាលារៀនជំនាន់ថ្មី ដើម្បីប្រែក្លាយឲ្យគ្រឹះស្ថានសិក្សាទាំងនោះ មានគុណភាពក្នុងការផ្ដល់ពុទ្ធិ និងចំណេះដឹងល្អដល់សិស្សានុសិស្សប្រកបដោយគុណវុឌ្ឍិ។ ក្នុងនោះសាលារៀននឹងក្លាយជាគ្រឹះស្ថានល្អមួយដែលមានគ្រូល្អម្នាក់ ដែលបង្រៀនតែមួយមុខវិជ្ជា និងមានអគារសិក្សាដោយខ្លួនឯង ដែលអាចឲ្យសិស្សអាចស្វ័យសិក្សាដោយខ្លួនឯង វិភាគព្រឹត្តិការណ៍ផ្សេងៗ និងចែករំលែកបទពិសោធន៍ដែលខ្លួនមានទៅកាន់សិស្សដ៏ទៃទៀត។ ជាពិសេសគោលនយោបាយនេះ នឹងមានការអនុវត្តនូវការសិក្សាបានពេញមួយថ្ងៃ ដែលរួមបញ្ចូលនូវការសិក្សាភាសាបរទេសផ្សេងៗមួយចំនួនដូចជាភាសាអង់គ្លេស ចិន បារាំង និងជប៉ុនជាដើម។ បន្ថែមលើសពីនោះ មានការបន្ថែមនូវគម្រោងក្លឹបសិក្សា ដើម្បីសម្របសម្រួលឲ្យការសិក្សាគឺមានសភាពងាយស្រួលជាងមុន ក្នុងការស្រាវជ្រាវ ក៏ដូចជាការតែងនិពន្ធ និងមានពិព័រណ៍ស្នាដៃផ្សេងៗរបស់សិស្សជារៀងរាល់ឆ្នាំផងដែរ៕