កម្ពុជា-អឺរ៉ុប សហការគ្នាផ្ដួចផ្តើមគំនិតថ្មីៗបន្ថែមទៀតក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ ឲ្យកាន់តែមានការរីកចម្រើន
ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យ លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យវប្បធម៌ និងជម្រាបលា។
ក្នុងជំនួបពិភាក្សាការងារលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា និងលោកជំទាវ Carmen Moreno បានបង្ហាញការពេញចិត្តចំពោះសមិទ្ធផលនានា នៃកិច្ចសហប្រតិបតិ្តរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា និងសភាពអឺរ៉ុប លើកិច្ចការងារវប្បធម៌ ដែលក្នុងនោះរួមមានទាំងសកម្មភាពជាច្រើនរៀងរាល់ឆ្នាំ ដូចជា៖ ព្រឹតិ្តការណ៍មហោស្រពភាពយន្ត ការប្រគុំតន្រី្តដ៏អស្ចារ្យសម្លេងស្រាល ស៊ីហ្វូនី ជាពិសេសក្នុងព្រឹត្តិការណ៍នេះ មានការចូលរួមពីថ្នាក់ដឹកនាំកំពូល ដើម្បីបង្ហាញពីកិច្ចសហប្រតិបតិ្តដ៏ល្អរវាងកម្ពុជា និងសហភាពអឺរ៉ុប។
សហភាពអឺរ៉ុប មិនមែនជួយឧបត្ថម្ភគាំទ្រតែក្នុងកម្រិតរាជរដ្ឋាភិបាលប៉ុណ្ណោះទេ គឺនៅក្នុងក្របខ័ណ្ឌអង្គការមិនមែនរដ្ឋាភិបាល ក៏បានចូលរួមជួយឧបត្ថម្ភគាំទ្រ ដូចជា៖ អង្គការហ្វាពន្លឺសិល្បៈ ខេត្តបាត់ដំបង និងអង្គការមួយចំនួនផ្សេងទៀត ដែលសភាពអឺរ៉ុប បានជួយក្នុងការអនុវត្តវិស័យវប្បធម៌តាមទីជនបទ ក៏ដូចជាវប្បធម៌ច្នៃប្រឌិតផ្សេងៗ ដែលជាផ្នែកមួយក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
ក្នុងនោះភាគីទាំងពីរ បានស្វាគមន៍នូវគំនិតផ្តួចផ្តើមថ្មីៗបន្ថែមទៀតរវាងកម្ពុជា សហភាពអឺរ៉ុប ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ ឲ្យកាន់តែមានការរីកចម្រើន ជាពិសេសការផ្លាស់ប្តូរព័ត៌មាន និងការផ្សព្វផ្សាយវប្បធម៌។
លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានជូនពរ លោកជំទាវឯកអគ្គរដ្ឋទូត សូមជួបប្រទះនូវសុខភាពល្អ កាយពលមាំមួន និងទទួលបានជោគជ័យសម្រាប់បេសកកម្មថ្មីនាពេលខាងមុខ៕