នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ជួបអនុព័ន្ធយោធាឥណ្ឌា ដើម្បីពង្រឹងចំណងមិត្តភាពរវាងកម្ពុជា-ឥណ្ឌា
ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បានអនុញ្ញាតទទួលជួបលោក Dheeraj Kotwal អនុព័ន្ធយោធាឥណ្ឌាប្រចាំកម្ពុជា វៀតណាម និងឡាវ ដើម្បីពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និង ឥណ្ឌា។
ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Dheeraj Kotwal និងបានរម្លឹកពីប្រវត្តិកិច្ចសហប្រតិបត្តិការល្អនៃប្រទេសទាំងពីរ។
ក្នុងជំនួបនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានស្នើទៅកាន់ភាគីឥណ្ឌាក្នុងការផ្តល់វគ្គហ្វឹកហ្វឺនពាក់ព័ន្ធនឹងប្រតិបត្តិការរក្សាសន្តិភាព និងនគរបាល អង្គការសហប្រជាជាតិ។ ទន្ទឹមនេះ ឯកឧត្តម ក៏បានស្នើពេទ្យកម្រិត១ ចំនួន១ខ្នង ដោយបំពាក់សម្ភារៈ បរិក្ខារពេទ្យ សម្រាប់គាំទ្រការហ្វឹកហ្វឺនដល់សិក្ខាកាមជាតិ-អន្តរជាតិ ព្រមទាំងផ្លាស់ប្តូរទស្សនកិច្ចប្រចាំឆ្នាំលើវិស័យរក្សាសន្តិភាព ដើម្បីដកស្រង់ផ្លាស់ប្តូរបទពិសោធន៍រវាងគ្នានិងគ្នា។
ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី រំពឹងថា នឹងមានគម្រោងហ្វឹកហ្វឺនត្រីភាគីរវាង កម្ពុជា អ.ស.ប. ឥណ្ឌា ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និង សហប្រជាជាតិ បន្ថែមទៀត។
លោក Dheeraj Kotwal បានថ្លែងអំណរគុណចំពោះការឆ្លៀតពេលវេលារបស់ឯកឧត្តមអគ្គនាយក ដើម្បីជួបពិភាក្សា និងការស្វាគមន៍យ៉ាងកក់ក្តៅ។ លោកក៏បានប្តេជ្ញាក្នុងការបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អរវាង និងកាន់តែរឹងមាំ ព្រមទាំងទទួលសំណើរខាងលើដោយក្តីរីករាយ៕