នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលអាណត្តិទី៧ មិនចោលប្រពៃណី និងទិសដៅសំខាន់បំផុត គឺយកប្រជាជនជាធំ
ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា រដ្ឋាភិបាលអាណត្តិទី៧ មិនចោលនូវប្រពៃណី និងទិសដៅសំខាន់បំផុត គឺយកប្រជាជនជាធំក្នុងការបម្រើ និងការបំពេញភារកិច្ចរបស់ខ្លួន ហើយនេះជាគោលការណ៍សំខាន់ ។
ក្នុងឱកាសបន្តជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជិត ២ម៉ឺននាក់ទៀត មកពីរោងចក្រ សហគ្រាសនានា នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បញ្ជាក់ថា «ជួបជាមួយប្រជាពលរដ្ឋ ជួបជាមួយកម្មករ កម្មការិនី គឺជាកិច្ចការសំខាន់ដែលយើងត្រូវធ្វើ បម្រើប្រជាពលរដ្ឋ គឺជាអ្វីដែលយើងត្រូវធ្វើ ហើយការយកចិត្តទុកដាក់គ្រប់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ របស់រាជរដ្ឋាភិបាលជាពិសេសនៅក្នុងពេលជាង៤០ឆ្នាំមកនេះ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា យើងផ្តល់អាទិភាពដល់ការបម្រើប្រជាពលរដ្ឋជាធំ អ៊ឹចឹងរដ្ឋាភិបាលអាណត្តិទី៧នេះ ដែលកើតចេញពីការបោះឆ្នោត ហើយជារដ្ឋាភិបាលដែលដឹកនាំបន្តរបស់គណបក្សប្រជាជនកម្ពុជា ក៏មិនចោលនូវប្រពៃណី និងទិសដៅសំខាន់បំផុត គឺយកប្រជាជនជាធំក្នុងការបម្រើ និងការបំពេញភារកិច្ចរបស់ខ្លួន ហើយនេះជាគោលការណ៍សំខាន់» ៕