ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត កោតសរសើរដល់ការនាំយកព្រលឹងសិល្បៈដូនតាខ្មែរ ក្នុងឈុតអប្សរាមករាំបង្ហាញនៅលើភ្នំទឹកកកនៅប្រទេស New Zealand
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដោយភ្ជាប់ជាមួយវីដេអូឃ្លីបមួយ បានសម្តែងនូវការអរគុណ និងកោតសរសើរដល់សិល្បករ សិល្បការិនី ដែលបានគ្រងឈុតអប្សរា រាំបង្ហាញដល់សាធារណជននៅទូទាំងពិភពលោកបានទស្សនា នៅភ្នំទឹកកកនៅប្រទេស New Zealand ។
ឯកឧត្តម នាយករដ្ឋមន្ត្រីរកម្ពុជា បានបង្ហោះសារនាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះថា «សូមអរគុណ និងកោតសរសើរដល់ប្អូនៗ ដែលបាននាំយកព្រលឹងសិល្បៈដូនតាខ្មែរ ក្នុងឈុតអប្សរា មករាំបង្ហាញផ្សព្វផ្សាយពីអរិយធម៌ដ៏ស្រស់ត្រកាល និងរុងរឿងរបស់ខ្មែរ ដល់សាធារណជននៅទូទាំងពិភពលោកបានទស្សនា នៅភ្នំទឹកកកនៅប្រទេស New Zealand» ។
សូមបញ្ជាក់ជូនថា ឃ្លីបវីដេអូនោះ រាំដោយ នាថការីរបាំបុរាណ សុគា គីមលាង ដែលបានពត់ពែនខ្លួន បង្ហាញក្បាច់រាំដ៏រស់រវើកស័ក្តិសមជានាថការីរបាំបុរាណខ្មែរ៕