ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅព្រឹកថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានមានប្រសាសន៍ស្វាគមន៍ និងផ្តល់មតិដឹកនាំចំពោះការត្រៀមអនុវត្តការងារនានា ដែលប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកក្រសួងមហាផ្ទៃ បានដាក់ជូនឱ្យបានខ្ជាប់ខ្ជួន ស្របទៅតាមគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានធ្វើការវាយតម្លៃខ្ពស់ចំពោះការងារដែលអគ្គនាយកដ្ឋានបានសម្រេចកន្លងទៅ និងបានស្នើសុំឱ្យនាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋាន ត្រូវបន្តគិតគូរដោយល្អិតល្អន់ អំពីទិសដៅការងារបន្ត ដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា នឹងត្រៀមអនុវត្ត និងអនុវត្តបន្ត និងធ្វើការពង្រឹងបន្ថែមចំពោះសមត្ថភាពរបស់មន្ត្រីក្រោមឱវាទ ជាពិសេសលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាជំរុញវិសាលភាព និងលទ្ធផលការងារស្របទៅតាមបរិបទសង្គមបច្ចុប្បន្នឱ្យបានកាន់តែប្រសើរឡើង ស្របទៅតាមការដឹកនាំចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ជាការបន្តធានារក្សាសុខសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងឧត្តមប្រយោជន៍ជាតិជាធំ ក្នុងនាមជាកងកម្លាំងនគរបាល ៕