ថ្នាក់ដឹកនាំក្រសួងអប់រំ ជួបសំណេះសំណាលជាមួយសិស្សានុសិស្សទាំងបីវិទ្យាល័យ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម
ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ វិទ្យាល័យហ៊ុនសែន ពាមជីកង វិទ្យាល័យហ៊ុនសែនខ្ចៅ និងវិទ្យាល័យហ៊ុនសែនកងតាណឹង នៅស្រុកកងមាស ខេត្តកំពង់ចាម ដើម្បីសាកសួរសុខទុក្ខ លើកទឹកចិត្ត និងស្វែងយល់ពីចំណាប់អារម្មណ៍ និងការត្រៀមខ្លួន របស់សិស្សានុសិស្សថ្នាក់ទី១២ ដែលជាបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣។
ពិធីសំណេះសំណាលនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងឯកឧត្ដម លោកជំទាវ អស់លោកលោកស្រីមកពីអង្គភាពពាក់ព័ន្ធនិងលោកគ្រូអ្នកគ្រូសិស្សានុសិស្សយ៉ាងច្រើនចូលរួមផងដែរ។
ក្នុងឱកាសនេះផងដែរ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានផ្តល់ជាអនុសាសន៍ ក៏ដូចគន្លឹះសំខាន់ៗមួយចំនួនដល់សិស្សានុសិស្សទាំងអស់ត្រូវចេះប្រមូលឯកសារឆ្នាំមុនៗមកសិក្សា និងសង្ខេប រំលឹកមេរៀនឱ្យបានល្អ និង ថែរក្សាសុខភាព ដើម្បីទទួលបានជោគជ័យ លើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ។
ក្រោយពិធីសំណេះសំណាលនេះ ប្រគល់សៀវភៅកម្រងវិញ្ញាសាគណិតវិទ្យាដែលជាស្នាដៃរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី ជូនដល់សិស្សានុសិស្ស ៕