របៀងទេសចរណ៍ធម្មជាតិគឺជាទិសដៅបន្តមួយជំហានទៀតរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន
ភ្នំពេញ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់ចេញគោលការណ៍របៀងទេសចរណ៍ធម្មជាតិ ជាមួយ សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប និងសហគមន៍តំបន់ការពារធម្មជាតិ បឹងកាឆាង រួមទាំងតំបន់ការពារធម្មជាតិដទៃទៀត ដើម្បីចូលរួមលើកកម្ពស់អព្យាក្រឹតកម្មកាបូន។
គោលការណ៍របៀងទេសចរណ៍ធម្មជាតិ គឺជាផ្នែកមួយដែលធានា និងជួយលើកស្ទួយដល់ជីវភាព ប្រជាសហគមន៍ឱ្យទទួលបានប្រាក់ចំណូលបន្ថែម ពីសេវាអេកូទេសចរណ៍ធម្មជាតិ ដោយជំរុញឲ្យប្រជាសហគមន៍ មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ស្របតាមគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។
របៀងទេសចរណ៍ធម្មជាតិ គឺជាការតភ្ជាប់ពីតំបន់អេកូទេសចរណ៍មួយ ទៅមួយទៀត ដែលមានសក្តានុពល និងលក្ខណៈខុសប្លែកគ្នា មិនប្រកួតប្រជែងគ្នា តែអាចបំពេញ ឱ្យគ្នាទៅវិញទៅមកបាន ហើយការអនុវត្តបែបនេះ ជាភាពទាក់ទាញថ្មីមួយ ដែលជំរុញឱ្យភ្ញៀវទេសចរណ៍ ចង់ដើរកំសាន្តពីតំបន់ធម្មជាតិមួយទៅតំបន់ធម្មជាតិមួយទៀត។
គូរបញ្ជាក់ផងដែរថា ខេត្តកោះកុងមានសហគមន៍តំបន់ការពារសរុបចំនួន១៩សហគមន៍ (ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោបចំនួន ០៧សហគមន៍, ឧទ្យានជាតិបុទុមសាគរចំនួន ០៣សហគមន៍, ឧទ្យានជាតិជួរភ្នំក្រវាញចំនួន០៣ សហគមន៍ និងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែងចំនួន០៦សហគមន៍) ដែលមានសមាជិកសរុប ៤៥,៣៣៤នាក់ ស្មើនឹងគ្រួសារសរុប ១១,៧៣៧គ្រួសារ ៕