ឧត្តមសេនីយ៍ឯក ងួន ស្រេង អញ្ជើញបិទការងារសវនកម្មផ្ទៃក្នុង នៅមណ្ឌលអប់រំកែប្រែទី១ សម្រាប់ការិយបរិច្ឆេទ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៅរសៀលថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំឆ្លងរបាយការណ៍ និងបិទការងារសវនកម្មផ្ទៃក្នុង នៅមណ្ឌលអប់រំកែប្រែទី១ សម្រាប់ការិយបរិច្ឆេទ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធានមណ្ឌលអប់រំកែប្រែទី១ អនុប្រធាននាយដ្ឋាន អនុប្រធានមណ្ឌល ប្រធានការិយាល័យចំណុៈមណ្ឌលអប់រំកែប្រែទី១ និងសមាជិកគណៈប្រតិភូសវនកម្មផ្ទៃក្នុង។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានលើកឡើងពីតួនាទីភាតកិច្ច និងការចុះធ្វើសវនកម្មគឺផ្តោតសំខាន់លើការពង្រឹងអភិបាលកិច្ច និងសុចរិតភាពនៃការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងជនជាប់ឃុំ ព្រមទាំងការអភិវឌ្ឍសមត្ថភាពអង្គភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ សំដៅរួមចំណែកពង្រឹងអភិបាលកិច្ចល្អ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការត្រួតពិនិត្យហានិភ័យដែលកើតឡើងក្នុងកិច្ចប្រតិបត្តិការរបស់សវនដ្ឋាននីមួយៗ និងដើម្បីចុះធ្វើសវនកម្មតាមផែនការប្រចាំឆ្នាំ របស់ក្រសួងមហាផ្ទៃ និងត្រួតពិនិត្យឡើងវិញនូវការតាមដាន ការអនុវត្តអនុសាសន៍កែលម្អ ដើម្បីឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។បន្ថែមលើនេះ ឯកឧត្តម អគ្គនាយក ក៏បានមានប្រសាសន៍ណែនាំដល់សវនដ្ឋានទាំងអស់ រាល់អនុសាសន៍កែលម្អចំចំណុចខ្វះខាតជាក់ស្ដែងដែលកើតមាននៅសវនដ្ឋាន ត្រូវយកចិត្តទុកដាក់តាមដានរាល់អនុសាសន៍ដែលបានដាក់ជូននៅពេលចុះធ្វើសវនកម្ម សវនដ្ឋានត្រូវមានរបាយការណ៍ឆ្លើយតបនិងលទ្ធផលសម្រចបានក្នុងរយៈពេល ៦ខែ ឬយ៉ាងយូរបំផុត ១២ខែ ជូនមកសវនកម្មផ្ទៃក្នុង។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំមណ្ឌលអប់រំកែប្រែទី១ សូមឱ្យមានសាមគ្គីភាព និងមានប្រសិទ្ធភាពខ្ពស់ក្នុងការដឹកនាំ ឱ្យមានសុក្រឹតភាព តម្លាភាព និងគណនេយ្យភាព លើតួនាទីភារកិច្ចរបស់តាមច្បាប់ដែលបានកំណត់។
ជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក បានថ្លែងអំណអរគុណចំពោះថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ជាន់ថ្នាក់ក្នុងអង្គពិធីទាំងមូល សូមជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមប្រកាសបិទកិច្ចសវនកម្មផ្ទៃក្នុង ចាប់ពីពេលនេះតទៅ ៕