សម្តេចធិបតី លើកឡើងពីលទ្ធភាពបន្ស៊ីគ្នាបាន រវាងរបៀបវារៈនៃវេទិកាសេដ្ឋកិច្ចពិភពលោក និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១
ភ្នំពេញ៖ ក្នុងជំនួបជាមួយលោកសាស្ត្រាចារ្យ ក្លូស ស្វប់ ស្ថាបនិក និងជាប្រធានប្រតិបត្តិ វេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងហ្សាការតា នាថ្ងៃពុធ ទី៦ កញ្ញា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងអំពីសង្គតិភាព និង លទ្ធភាពបន្ស៊ីគ្នាបានរវាងរបៀបវារៈនៃវេទិកាសេដ្ឋកិច្ចពិភពលោក និង យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ជាពិសេស ត្រង់ការអភិវឌ្ឍវិស័យឯកជន និង ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថល ។
សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ វេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យសាធារណៈ និង វិស័យឯកជន ឱ្យកាន់តែមានភាពប្រសើរឡើង ។
ក្នុងស្មារតីនេះដែរ, រាជរដ្ឋាភិបាលនឹងរៀបចំវេទិកាសាធារណៈ រវាង
រាជរដ្ឋាភិបាល និង វិស័យឯកជន ក្នុងខែវិច្ឆិកាខាងមុខ, ដែលសម្រាប់ករណីនេះ លោកសាស្រ្តាចារ្យ សង្ឃឹមថា វេទិកាសេដ្ឋកិច្ចពិភពលោក នឹងដើរតួជាថ្នាលជំរុញឱ្យវិស័យឯកជនបំពេញតួនាទីរបស់ខ្លួនកាន់តែសកម្ម និង អាចរីកលូតលាស់ថែមទៀត ៕