រដ្ឋមន្ត្រីក្រសួងធនធានទឹក៖ បន្តថែរក្សាកេរដំណែលដែលមានស្រាប់ពីមុន រួបរួមគ្នាជាធ្លុងមួយនិងបង្កើនសមិទ្ធផលថ្មីៗ បន្ថែមទៀត គឺរក្សាចាស់ បង្កើតថ្មី
ភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នារសៀលថ្ងៃព្រហស្បតិ៍ ៧រោច ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ បានជួបសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការថ្នាក់កណ្តាលកម្រិតការិយាល័យ និងថ្នាក់មន្ទីររាជធានី-ខេត្ត នៃក្រសួងធនធានទឹក និងឧតុនិយម នៅទីស្តីការក្រសួង។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូនចំពោះថ្នាក់ដឹកនាំកំពូលៗ ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រី ដែលបានរៀបចំនូវផែនការយុទ្ធសាស្ត្រ និងរៀបចំនូវគោលនយោបាយអភិវឌ្ឍន៍ ហើយក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតែងយកចិត្តទុកដាក់គ្រប់គ្រងឱ្យមាន ការអភិវឌ្ឍឈានឡើងជាបន្តបន្ទាប់។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ឯកឧត្តមកិត្តិបណ្ឌិត លឹម គានហោ ដែលជាឥស្សរជនដ៏ឆ្នើមរបស់ក្រសួងដែលបានដឹកនាំ គ្រប់គ្រង ការងារធនធានទឹក និងឧតុនិយម អស់រយៈពេល ៥អាណត្តិ ដោយបានកសាងនូវស្នាដៃ និងសមិទ្ធផលជាច្រើននាពេលកន្លងមក។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ឱ្យយកចិត្តទុកដាក់ធ្វើយ៉ាងណាឱ្យមានសុខដុមនីយកម្មការងារនៅក្នុងអង្គភាពទាំងកម្រិតថ្នាក់ដឹកនាំ និងកម្រិតបច្ចេកទេស ពង្រឹងសាមគ្គីភាពផ្ទៃក្នុង បន្តថែរក្សាការពារកេរដំណែលក៏ដូចជាសមិទ្ធផលដែលមានស្រាប់ពីមុន រួបរួមគ្នាជាធ្លុងមួយនិងបង្កើនសមិទ្ធផលថ្មីៗ បន្ថែមទៀត គឺរក្សាចាស់ បង្កើតថ្មី ព្រមទាំងបំពេញឱ្យបាននូវបេសកកម្មចម្បង ដែលរាជរដ្ឋាភិបាលអាណត្តិទី៧បានប្រគល់ជូនក្រសួង ដោយអនុវត្តតាមជានិច្ចនូវពាក្យស្លោករបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺចាស់ស្គាល់ផ្លូវ ក្មេងមានកម្លាំង។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការដឹងគុណចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងទាំងអស់ ដែលបាន លះបង់កម្លាំងកាយ កម្លាំងចិត្ត ខិតខំបំពេញការងារកន្លងមកដោយមិនខ្លាចនឿយហត់ និងបានជូនពរដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ជួបប្រទះតែសេចក្តីសុខ និងសេចក្ដីចម្រើនជារៀងដរាប ៕