សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បន្តរក្សាគោលនយោបាយ និងកិច្ចសហប្រតិបត្តិការរបស់កម្ពុជា ចំពោះប្រជាជន និងប្រទេសកូរ៉េ ទោះបីជាផ្លាស់ប្ដូរថ្នាក់ដឹកនាំក្នុងរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់អំពីការបន្តរក្សាគោលនយោបាយ និងកិច្ចសហប្រតិបត្តិការរបស់កម្ពុជា ចំពោះប្រជាជន និងប្រទេសកូរ៉េ បើទោះបីជាមានការផ្លាស់ប្តូរថ្នាក់ដឹកនាំនៅក្នុងរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បែបនេះក្នុងជំនួបសម្តែងការគួរសមជាមួយ ឯកឧត្តម យូន ស៊ក យ៉ល (Yoon Sok Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នាល្ងាចថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។
សម្តេចធិបតី ក៏បានសម្តែងនូវការសោកស្តាយ ចំពោះការបាត់បង់លោកឪពុក របស់ ឯកឧត្តមប្រធានាធិបតី កាលពីពេលថ្មីៗនេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តមប្រធានាធិបតី ដែលបានផ្ញើសារអបអរសាទរ សម្តេចធិបតី នៅពេលត្រូវជ្រើសតាំងជានាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនចំពោះ ឯកឧត្តម ក៏ដូចជាប្រជាជនកូរ៉េផងដែរ ដែលកន្លងមកជាមិត្តដ៏ជិតស្និទ្ធរបស់កម្ពុជា ៕