ប្រធានាធិបតីកូរ៉េ សន្យានឹងពិចារណាបង្កើនកូតាសម្រាប់ពលករកម្ពុជា និងលើកទឹកចិត្តដល់ក្រុមហ៊ុនកូរ៉េ មកវិនិយោគនៅកម្ពុជា ពិសេស ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល
ភ្នំពេញ៖ ឯកឧត្តម យូន ស៊ក យ៉ល (Yoon Sok Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ បានសន្យានឹងពិចារណាបង្កើនកូតាសម្រាប់ពលករកម្ពុជា និងបន្តលើកទឹកចិត្តដល់ក្រុមហ៊ុនកូរ៉េ មកវិនិយោគនៅកម្ពុជា ជាពិសេស ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។
ឯកឧត្តមប្រធានាធិបតីកូរ៉េ បានថ្លែងបែបនេះក្នុងក្នុងជំនួបសម្តែងការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នាល្ងាចថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរ កម្ពុជា-កូរ៉េ ក៏បានបញ្ចប់ជំនួបនេះ ក្នុងបរិយាកាសដ៏ស្និទ្ធស្នាល និងរីករាយ ហើយសម្តេចធិបតី ក៏បានបញ្ជាក់បន្ថែមអំពីបំណងរបស់កម្ពុជា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយកូរ៉េ ឱ្យក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នាពេលអនាគតដ៏ខ្លីខាងមុខនេះ ៕