អធិការក្រុងសិរីសោភ័ណ ប្រើកណ្តាប់ដៃដែកបង្រ្កាបក្រុមក្មេងទំនើង០២ក្រុមបង្កហឹង្សាទៅវិញទៅមក ឃាត់ខ្លួនជាបន្តបន្ទាប់ចំនួន១៦នាក់
ភ្នំពេញ៖ កម្លាំងនគរបាលក្រុងសិរីសោភ័ណ នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ បង្ហាញក្រុមក្មេងទំនើងចំនួន១៦នាក់ ស្រី០១នាក់ ដែលបង្កអសន្តិសុខក្នុងសង្គមទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធី។
លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា៖នៅវេលាម៉ោង០២និង៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចសួនមានជ័យមុខកន្លែងស្រាក្រឡុកស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានករណីហឹង្សាទៅវិញទៅមកមានខ្លះកាន់កាំបិត ខ្លះកាន់ដុំថ្មបង្កដោយក្រុមក្មេងទំនើង០២ក្រុមធ្វើឲ្យខូចខាតម៉ូតូដោយក្រុមទី០១មានគ្នា០៤នាក់ (ជាបុគ្គលិកលក់ស៊ុបពីររសជាតិ) ស្នាក់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ប្រដាប់ដោយកាំបិតចំនួន០២ដើម ជិៈម៉ូតូ០២គ្រឿង។ក្រុមទី០២មានគ្នីគ្នាចំនួន១៣នាក់ ស្រី០១នាក់ ម៉ូតូ០៣គ្រឿង។
លោកអធិការបានបញ្ជាក់ថា៖ក្រោយទទួលបានព័ត៌មានអំពីហេតុការណ៍នេះកើតឡើង លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់នូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់និងមានការសម្របសម្រួលពីឯកឧត្តមកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមាន លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវតាមវិធានការជំនាញឈានដល់ឃាត់ខ្លួនក្រុមក្មេងទំនើងទាំង០២ក្រុមបានជាបន្តបន្ទាប់១២នាក់ ស្រី០១នាក់ និងកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណឃាត់ខ្លួនបាន០៤នាក់ សរុបចំនួន១៦នាក់។
លោកអធិការបានបន្តថា តាមការរសាកសួរចម្លើយ រឿងរ៉ាវដែលបង្កឲ្យកើតមានហឹង្សានេះ គឺដោយសារតែក្រុមទី២បង្កហេតុមុនទើបក្រុមទី១ទៅហៅគ្នីគ្នាមានកាន់ដាវមកដេញកាប់ក្រុមទី២ បណ្តាលឲ្យរងរបួស០១នាក់ត្រង់ត្រចៀកខាងឆ្វេងនិងខ្នងស្រាល បន្ទាប់មកក្រុមទី២ប្រដាប់ដោយកាំបិតតាំងតោ កាំបិតខ្វែវ ដុំថ្ម ដបស្រា កៅអីជ័រ ដេញកាប់និងគប់ទៅលើក្រុមទី១វិញ ធ្វើក្រុមទី១រត់ចោលម៉ូតូ០១គ្រឿង ក៏ត្រូវក្រុមទីកាប់ឲ្យខូចផងដែរ ៕