សម្ដេចមហាបវរធិបតី៖ បេសកកម្មនៅឥណ្ឌូនេស៊ី ដើម្បីបញ្ជាក់ជំហរកម្ពុជា ក្នុងការចូលរួមដោះស្រាយបញ្ហាតំបន់ និងពិភពលោក
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការចូលរួមរបស់កម្ពុជានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅឥណ្ឌូនេស៊ី ដើម្បីបង្ហាញជំហរក្នុងការចូលរួមដោះស្រាយបញ្ហានានាទាំងក្នុងតំបន់ និងលើពិភពលោកផងដែរ។
ក្នុងឱកាសបន្តចុះជួបកម្មករជិត ២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ ខែកញ្ញា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ក្នុងនាមជាប្រទេសមួយសមាជិកអង្គការសហប្រជាជាតិ សមាជិកអាស៊ាន និងជាប្រទេសអធិបតេយ្យមួយដែលផលប្រយោជន៍ជាតិរបស់យើង ក៏ត្រូវពាក់ព័ន្ធជាមួយផលប្រយោជន៍តំបន់។ ខ្ញុំទៅដើម្បីបញ្ជាក់ជំហរកម្ពុជា លើគោលនយោបាយសំខាន់ៗ ដែលមានពាក់ព័ន្ធតំបន់ និងលើសកលលោក ពិសេសក្នុងតំបន់យើងតែម្ដង។ ការបញ្ចេញជំហរអំពីការព្រួយបារម្ភ និងកង្វល់ ពាក់ព័ន្ធស្ថានការណ៍ដែលឡើងកម្ដៅ ពិសេសមិនចង់ឃើញការវិវឌ្ឍក្លាយទៅជាមានសង្គ្រាម អស្ថេរភាព និងប៉ះពាល់ដល់សេដ្ឋកិច្ច នៅក្នុងតំបន់ និងការអភិវឌ្ឍនោះទេ» ៕