ព័ត៏មានជាតិប្រមុខរាជរដ្ឋាភិបាល ណែនាំឲ្យឧបនាយករដ្ឋមន្ត្រី នេត សាវឿន ដោះស្រាយរឿងកម្រៃក្រៅសេវា ពាក់ព័ន្ធការធ្វើលិខិតស្នាមសម្រាប់ឆ្លងដែន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យឧបនាយករដ្ឋមន្ត្រី នេត សាវឿន ធ្វើការជាមួយស្ថានប័នពាក់ព័ន្ធជាពិសេសខេត្តជាប់ព្រំដែន ដោះស្រាយរឿងកម្រៃក្រៅសេវាពាក់ព័ន្ធ នឹងការធ្វើលិខិតស្នាមសម្រាប់ការឆ្លងដែនទៅប្រទេសជិតខាង។
ក្នុងឱកាសបន្តជួបសំណេះសំណាលជាមួយកម្មករ និយោជិត ក្នុងខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ កញ្ញានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ខ្ញុំសុំប្រគល់ភារកិច្ចបន្តិចដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន សុំធ្វើការជាមួយនឹងគ្រប់ស្ថាប័ន នឹងខេត្តជាប់ព្រំដែនដែលពាក់ព័ន្ធទៅលើគ្រប់ច្រកចេញចូល ខ្ញុំស្តាប់លឺពីប្រជាពលរដ្ឋ ពលករ រឿងតម្លៃក្រៅផ្លូវការនេះច្រើនណាស់ ដែលគាត់ឆ្លងកាត់ត្រូវប្រឈម, ត្រូវរកវិធីនឹងដំណោះស្រាយដើម្បីកុំឱ្យពិបាកដល់បងប្អូនដែលត្រូវឆ្លងកាត់ សុំជួយធ្វើនឹងមួយ» ៕