លោក ឡុង ឆេង ចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ សាខាបក្សភូមិព្រៃទាន់ និងចូលរួមអបអរសាទរដែលទទួលបាននូវភាពជោគជ័យលើការបោះឆ្នោត
ភ្នំពេញ៖ លោក ឡុង ឆេង ប្រធានក្រុមការងារចុះជួយឃុំចាន់សែន និងក្រុមការងារចុះជួយឃុំ នាព្រឹកថ្ងៃអាទិត្យ ១០រោច ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ បានចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ សាខាបក្សភូមិព្រៃទាន់ ក៏ដូចជាចូលរួមអបអរសាទរដល់ភូមិព្រៃទាន់ដែលទទួលបាននូវភាពជោគជ័យលើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ បានចំណាត់ថ្នាក់លេខ២។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ឡុង ឆេង ក៏បានថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ៗគ្នារហូតទទួលបានភាពជោគជ័យនេះហើយជាសមិទ្ធផលរបស់យើងទាំងអស់គ្នា។ មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលនៅជាមួយបងប្អូន រួមសុខទុក្ខជាមួយបងប្អូន និងបន្តអភិវឌ្ឍន៍ប្រទេសជាតិកាន់តែមានការរីកចម្រើនទៅមុខដោយសុខសន្តិភាព។
បន្ថែមពីលើនោះទៀត លោកប្រធានក្រុមការងារចុះជួយឃុំចាន់សែន ក៏បានលើកឡើងអំពីយុទ្ធសាស្ត្របញ្ចកោណ និង កំណែទម្រង់របស់រាជរដ្ឋាភិបាលលើកត្តាទាំង៤គឺ៖
១.ត្រូវមានចក្ខុវិស័យ ច្បាស់លាស់ និងវែងឆ្ងាយ
២.ត្រូវមានការប្ដេជ្ញាចិត្តខ្ពស់
៣.ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ
៤.ត្រូវមានការលះបង់។
ក្នុងនោះដែរក្រុមការងារក៏បានផ្ដល់ជូននូវអាហារសម្រន់សម្រាប់សមាជិកសមាជិកាចូលរួមដែលមាន នំប៉័ង និងទឹកសុទ្ធ ៕