អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ទៅសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់គ្រឿងញៀន
បន្ទាយមានជ័យ៖ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរជនសង្ស័យ០៣នាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀន រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ដើម្បីអនុវត្តតាមនីតិវិធី។
លោកវរសេនីយ៍ត្រីចាន់ រដ្ឋា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី បានឱ្យដឹងថាកាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ លោកបានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី បើកប្រតិបត្តិការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ព្រមទាំងចាប់យកសម្ភារៈវត្ថុតាងរួមមាន៖គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ទឹកកក) ចំនួន ០២កូនថង់កិប ទម្ងន់ ១,១៣ក្រាម, ម៉ូតូចំនួន ០២គ្រឿង, ទូរស័ព្ទ ចំនួន ០៣គ្រឿង ចំណុចមុខរោងកុនចាស់ ស្ថិតក្នុងភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី បានបញ្ជាក់ថា ៖ ជនសង្ស័យទាំង៣នាក់ ១-ឈ្មោះ ឆោម សុធារ៉ា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក បច្ចុប្បន្ននៅភូមិអូតាម៉ា ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ(ជួញដូរ និងប្រើប្រាស់)។ ២-ឈ្មោះ សំរ៉ង់ ចាន់រិទ្ធ ហៅខ្មូត ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡានដឹកដី បច្ចុប្បន្ននៅភូមិអន្លង់មានទ្រព្យ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ(ប្រើប្រាស់)។ ៣-ឈ្មោះ សុខា លីម៉ា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្ននៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ(ប្រើប្រាស់)។
លោកវរសេនីយ៍ត្រី ចាន់ រដ្ឋា បន្តថា មុនឈានដល់ការបង្ក្រាបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះល្បាតតាមមូលដ្ឋាន លុះដល់ចំណុចខាងលើ ក៏បានប្រទះឃើញជនសង្ស័យចំនួន២នាក់ជិះម៉ូតូ ០១គ្រឿង គួរឱ្យសង្ស័យ កម្លាំងក៏បានឃាត់សួរនាំ ស្រាប់តែពេលនោះ ឈ្មោះ ឆោម សុធារ៉ា ដែលជាអ្នកបើកម៉ូតូ បានឃើញកម្លាំងក៏មានការភិតភ័យ ក៏បានបោះគ្រឿងញៀន ចោលទៅលើផ្លូវក្បែរម៉ូតូ ។ ដោយឃើញបែបនេះកម្លាំងយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី ដើម្បីចាត់ការតាមនីតិវិធី ។ក្រោយពីស្តាប់ចម្លើយសារភាពបឋម និងដោយមានការសហការពីជនសង្ស័យ កម្លាំមូលដ្ឋានកងរាអវុធហត្ថស្រុក ក៏បានបើកប្រតិបត្តិការ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀតសរុប០៣នាក់ ។
លោកវរសេនីយ៍ឯកជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា៖ ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជាបាន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ពិតប្រាកដមែន៕