ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ជួបពិភាក្សាការងារប្រកបដោយផ្លែផ្កាជាមួយ ទូតជប៉ុនប្រចាំកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានពិភាក្សាការងារប្រកបដោយផ្លែផ្កាជាមួយ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលឯកឧត្តមឯកអគ្គរាជទូតចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។
កិច្ចសន្ទនាបានផ្តោតលើការជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី។
ភាគីទាំងពីរបានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ខណៈកម្ពុជានិងជប៉ុនកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០នៃទំនាក់ទំនងការទូត៕