ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំកិច្ចប្រជុំស្តីពីរបាយការណ៍វឌ្ឍនភាពនៃអនុកម្មវិធីនីមួយៗ ឆ្នាំ២០២៣ និងទិសដៅបន្ត
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជេីញដឹកនាំកិច្ចប្រជុំស្តីពីរបាយការណ៍វឌ្ឍនភាពនៃអនុកម្មវិធីនីមួយៗ ឆ្នាំ២០២៣ និងទិសដៅបន្ត ឆ្នាំ២០២៤ របស់កម្មវិធីទី១ នៃនាយកដ្ឋានផ្លូវលំជនបទ។
កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធាននាយកដ្ឋាន មន្រ្តីជំនាញ និងនាយកដ្ឋានបច្ចេកទេសប្រមាណជាង ១០០នាក់។
ជាលទ្ធផលអង្គប្រជុំសម្រេចបានរួមមាន៖
១. រៀបចំធ្វើសម្រង់ទិន្នន័យពាក់ព័ន្ធនឹងការស្ថាបនា ជួសជុល ថែទាំផ្លូវជនបទ ដែលប្រើប្រាស់ថវិកាជាតិ និងថវិកាដៃគូ ព្រមទាំងទិន្នន័យផ្លូវដែលរងគ្រោះដោយ ទឹកជំនន់ និងត្រូវជួសជុលបន្ទាន់ ដើម្បីគោរពរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តី និងសុំអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត។
២. រៀបចំបញ្ជីសារពើភ័ណ្ឌផ្លូវជនបទ និងការបញ្ចូលក្នុងផែនទីឲ្យបានឆាប់រហ័ស។ ដោយឡែកចំពោះនិតិវិធីដាក់លេខផ្លូវ នឹងគោរពស្នើសុំឯកឧត្តមរដ្ឋមន្រ្តី រៀបចំឲ្យមានកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ នៅពេលឆាប់ៗខាងមុខ។
៣. ចំពោះការរៀបចំអនុក្រឹត្យស្តីពីចំណីផ្លូវជនបទ និងការដឹកនាំលើសទម្ងន់ជាដើម គួររៀបចំដោយឡែក និងគោរពស្នើសុំអនុសាសន៍ណែនាំពី ឯកឧត្តមរដ្ឋមន្រ្តី ដើម្បីពន្លឿនការងារនេះ។
៤. រាល់ការស្ថាបនាផ្លូវទៅតំបន់មានសក្តានុពលផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ គួរបង្កើតគណៈកម្មការចុះពិនិត្យ និងវាយតម្លៃ ដោយមានការចូលរួមពីដៃគូ អភិវឌ្ឍន៍ និងគោរពស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្រ្តី។
៥. របៀបរបបការងារ និងលំហូរឯកសារ អនុវត្តជាបណ្តោះអាសន្នតាមនីតិវិធីពី ថ្នាក់នាយកដ្ឋានជំនាញ ទៅអគ្គនាយករងទទួលបន្ទុក, អគ្គនាយក, អនុរដ្ឋលេខាធិការ-រដ្ឋលេខាធិការទទួលបន្ទុកអនុកម្មវិធី បន្តទៅអនុរដ្ឋលេខាធិការ-រដ្ឋលេខាធិការទទួលបន្ទុកកម្មវិធី និងគោរពជូន ឯកឧត្តមរដ្ឋមន្រ្តី មុននឹងទទួលបានការណែនាំថ្មីពី ឯកឧត្តមរដ្ឋមន្រ្តី។
៦. នាយកដ្ឋានផ្លូវលំជនបទ នឹងធ្វើសម្រង់ខ្សែផ្លូវដែលបាន និងកំពុងសាងសង់ ថែទាំប្រចាំ, ថែទាំខួប និងជួសជុលបន្ទាន់ ដែលប្រើប្រាស់ថវិកាជំពូក២១ និងជំពូក ៦១ និងទិន្នន័យមួយចំនួនទៀត ព្រមទាំងបញ្ជីឈ្មោះក្រុមហ៊ុនផងដែរ។
៧. រាល់ឯកសារពាក់ព័ន្ធនឹងគម្រោងដៃគូអភិវឌ្ឍន៍ និងឯកសារពាក់ព័ន្ធនឹងគម្រោង សាច់ប្រាក់ពលកម្ម ត្រូវផ្តល់ជូននាយកដ្ឋានផ្លូវលំជនបទដើម្បីរក្សាទុកជាឯកសារ។
៨. កំណត់របបប្រជុំសាមញ្ញប្រចាំខែជាមួយនាយកដ្ឋានផ្លូវលំជនបទ នៅរៀងរាល់សប្តាហ៍ទី៤ នៃខែនីមួយៗ ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គនាយក, អគ្គនាយករង, ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្រ្តីជំនាញ និងអាចប្រជុំវិសាមញ្ញ ក្នុងករណីចាំបាច់។
៩.នាយកដ្ឋានផ្លូវលំជនបទ បង្កើតគ្រុបតេឡេក្រាមមួយដោយឡែក ដោយមានសមាសភាពថ្នាក់ដឹកនាំពាក់ព័ន្ធ, នាយកដ្ឋានជំនាញ និងប្រធានមន្ទីរអភិវឌ្ឍន៍រាជធានី-ខេត្ត ដើម្បីតាមដាន និងឆ្លើយតបលើបណ្តាញផ្សព្វផ្សាយសង្គមពាក់ព័ន្ធ នឹងផ្លូវលំជនបទ ៕