គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៧ កំពុងសិក្សាសមិទ្ធិលទ្ធភាព និងប្រមូលធាតុចូលសំខាន់ៗ ឱ្យបានគ្រប់ជ្រុងជ្រោយ
ភ្នំពេញ៖ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំស្តីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៧ ពីគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដល់ស្រុកស្នួល ខេត្តក្រចេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្រ្តីបច្ចេកទេស និងក្រុមហ៊ុនសាជីវកម្ម ស្ពាន-ថ្នល់ចិន (CRBC) នៅទីស្តីការក្រសួង កាលពីពេលថ្មីៗនេះ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាលើរបាយការណ៍ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៧ ក៏ដូចជាដើម្បីប្រមូលមតិយោបល់ និងធាតុចូលពីអ្នកជំនាញបច្ចេកទេសក្រសួង និងក្រុមហ៊ុនសាជីវកម្ម ស្ពាន-ថ្នល់ចិន (CRBC) សំដៅធ្វើយ៉ាងណាឱ្យរបាយការណ៍នៃការសិក្សានេះ កាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងទទួលយកបានពីភាគីពាក់ព័ន្ធ។
ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានរំលឹកឱ្យអង្គប្រជុំទាំងមូលធ្វើការយកចិត្តទុកដាក់ និងត្រងត្រាប់ស្តាប់ការធ្វើបទបង្ហាញរបស់ក្រុមហ៊ុនសាងសង់ ព្រមទាំងបានជំរុញលើកទឹកចិត្តឱ្យមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធទាំងអស់ ផ្តល់មតិយោបល់ និងពិភាក្សាឱ្យបានស៊ីជម្រៅបន្ថែមទៀតទាក់ទងនឹងបញ្ហាបច្ចេកទេស ដើម្បីបំពេញបន្ថែមចំណុចខ្វះក្នុងរបាយការណ៍នេះ និងត្រៀមសំរាប់កិច្ចប្រជុំពិភាក្សាបន្តទៀតនាពេលខាងមុខ៕