ជនសង្ស័យជាជនជាតិចិនចំនួន ២នាក់ ពាក់ព័ន្ធករណីឃាតកម្ម ត្រូវបានកម្លាំងចំរុះធ្វើការស្រាវជ្រាវឃាត់ខ្លួន
ភ្នំពេញ៖ ដោយមានបញ្ជាដឹកនាំពីឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការនគរបាលខណ្ឌបឹងកេងកង បានដឹកនាំកម្លាំង សហការជាមួយកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ នៅចំណុចក្លីនីក ប៉ខាង ផ្លូវ២៨២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឃាតកម្ម។
ជនសង្ស័យទាំង២នាក់មាមឈ្មោញ៖
១.ឈ្មោះ LAI WENSHAO ភេទប្រុស ជនជាតិចិន។
២.ឈ្មោះ CAI HUI JUAN ភេទស្រី ជនជាតិចិន។
លោកអធិការ វុឌ្ឍ ផូសារវ័ន្ត បានឲ្យដឹងថាកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ប្រជាពលរដ្ឋប្រទះឃើញសាកសព នៅត្រង់ចំណុចភូមិឆ្មាពូ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ និងកំណត់អត្តសញ្ញាណជនសង្ស័យ។
បច្ចុប្បន្នជនសង្ស័យខាងលើ បញ្ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធី៕