មេបញ្ជាការកងទ័ពជើងគោក អញ្ជើញប្រកាសតែងតាំង ឧត្តមសេនីយ៍ឯក ហែម ថា ជាមេបញ្ជាការកងពលតូចលេខ៧០
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក រសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពប្រកាសតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ឯក ហែម ថា ជាមេបញ្ជាការកងពលតូចលេខ៧០ និងឧត្តមសេនីយ៍ទោ ដួង រ៉ា ជាមេបញ្ជាការរង នាយសេនាធិការ។
ថ្លែងក្នុងពិធីប្រកាសមុខតំណែងនាឱកាសនោះលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានវាយតម្លៃខ្ពស់ចំពោះមេបញ្ជាការ មេបញ្ជាការរង និងពលទាហានកងពលតូចលេខ៧០ ដែលបានខិតខំប្រឹងប្រែង ធ្វើពលិកម្ម ប្រកបដោយវិរភាពអង់អាចក្លាហានក្នុងការបំពេញភារកិច្ច ការពារបូរណភាពទឹកដី ថែរក្សាសុខសន្តិភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់បានល្អប្រសើរជូនប្រជាជន និងសង្គមជាតិ។
ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ក៏បានក្រើនរំលឹកដល់មេបញ្ជាការគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់សាមគ្គីភាពផ្ទៃក្នុងជាចម្បង និងទប់ស្កាត់ឲ្យទាន់ពេលវេលានូវរាល់និន្នាការ សំដៅបង្កចលាចល និងបង្កអស្ថិរភាពសង្គម។
ក្នុងឋានៈជាមេបញ្ជាការកងពលតូចលេខ៧០ ដែលទើបទទួលការតែងតាំង ឧត្តមសេនីយ៍ឯក ហែម ថា ក៏បានប្តេជ្ញាការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារសមិទ្ធផលជាតិទាំងឡាយ ដែលជាស្នាដៃដ៏ឧត្តុង្គឧត្តមបំផុតជាប្រវត្តិសាស្ត្របន្សល់ទុកពី សម្តេចតេជោ និងប្តេជ្ញាការពាររាជដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕