សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអាជ្ញាធរដែនដី ទូទាំងស្រុកអូររាំងឪ ជិត២មុឺននាក់ បានប្តេជ្ញាចិត្ត និងចូលរួមផ្សព្វផ្សាយយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិក»
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាព ក្នុង យុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិក» នៅក្នុងបរិវេណវិទ្យាល័យអូររាំងឪ ដែលមានការចូលរួមពី សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ អាជ្ញាធរដែនដី ចំនួន ២,១០០នាក់ ស្របពេលដែលវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា មត្តេយ្យសិក្សា ចំនួន៤៣ ផ្សេងទៀតរៀបចំយុទ្ធនាការនេះព្រមៗគ្នា នៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលមានអ្នកចូលរួមសរុប ១៩,៣២១នាក់។
ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ថា យុទ្ធនាការផ្សព្វផ្សាយ «ខ្ញុំមិនប្រើថង់ប្លាស្ទិក» ជាគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងគោលបំណងជម្រុញ និង ផ្លាស់ប្តូរនូវផ្នត់គំនិត កាត់បន្ថយ និង ឈានទៅបញ្ឈប់ការប្រើប្រាស់ ថង់ប្លាស្ទិក ក្នុងជីវភាពប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា ព្រោះថា ថង់ប្លាស្ទិកជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភ ដែលកំពុងរីករាលដាលនៅលើសកលលោក។ ជារៀង រាល់ឆ្នាំសំណល់ប្លាស្ទិកចំនួន ៣០០លានតោន ត្រូវបានបង្កើត ហើយត្រូវការរយៈពេលជាង ១០០ឆ្នាំ ដើម្បីរលាយ។ បញ្ហានេះ ក៏កំពុងកើតឡើងនៅកម្ពុជាផងដែរ។ កំណើនប្រជាជន និងការលូតលាស់សេដ្ឋកិច្ចយ៉ាងឆាប់រហ័សបាននាំឱ្យបរិមាណសំណល់មានការកើនឡើងយ៉ាងខ្លាំង។ កន្លងមក ក្រៅពីការងារផ្សព្វផ្សាយ ក្រសួងបរិស្ថានបានរៀបចំនូវបទដ្ឋានគតិយុទ្ធជាច្រើន សំដៅពង្រឹងនិងការធើ្វឱ្យប្រសើរឡើងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងការលើកកម្ពស់សោភ័ណភាព និងសុខមាលភាពសាធារណៈដូចជា។
គួរបញ្ជាក់ថា រយះពេល១៥ថ្ងៃនៃយុទ្ធនាការដែលចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ មានសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ អាជ្ញាធរដែនដី ទូទាំងស្រុកអូររាំងឪ ចំនួន ៩៩,១៧៩នាក់ បានប្តេជ្ញាចិត្ត និងចូលរួមផ្សព្វផ្សាយ«ខ្ញុំមិនប្រើថង់ប្លាស្ទិក»នៃប្រជាពលរដ្ឋចូលរួមសរុប ១០០,៩៣៤នាក់ ទូទាំងស្រុក ៕