ជនជាតិវៀតណាមម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនតាមអំណាចដីការបស់តុលាការ ករណីដាំដើមកញ្ឆាខុសច្បាប់
ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៩និង៥០នាទី ស្តីពីការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៥៣/២៣ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ចេញដោយលោក ចាន់ដា រ៉ាវង្ស ចៅ ក្រមស៊ើបសួរ នៃសាលាដំបូងខេត្តមណ្ឌលគិរី។ ក្រោមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី។ ដោយមានការសម្របសម្រួលពី លោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តមណ្ឌលគិរី។
កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការណ៍ជាមួយកម្លាំងការិយាល័យអន្តរាគមន៍ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបមុខសញ្ញាគ្រឿងញៀន ឈ្មោះ ជើង ហ័ងអាន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិវៀតណាម តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៥៣ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ចេញដោយលោក ចាន់ដា រ៉ាវង្ស ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តមណ្ឌលគិរី។ ជាប់ចោទពីបទ “ដាំដោយខុសច្បាប់នូវរុក្ខជាតិញៀន” ដែលបានប្រព្រឹត្តចំណុចដីចំការជួល ឯកឧត្តម ម៉ៅ ធនរ័ក្ស ស្ថិតនៅក្នុង ភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ។
ករណីខាងលើនេះ ជនសង្ស័យនិងសម្ភារៈវត្ថុតាង កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កំពុងកសាងសំណុំរឿង រួចបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕