ប.ស.ស. បើកការប្រឡងជ្រើសរើសបុគ្គលិកកិច្ចសន្យាឱ្យចូលបម្រើការងារ នៅស្នាក់ការកណ្ដាល ប.ស.ស. សាខាខណ្ឌ ក្នុងរាជធានីភ្នំពេញ និងសាខាខេត្តចំនួន៣ ទៀត
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅជាន់ទី១១ ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ប.ស.ស. បានបើកការប្រឡងជ្រើសរើសបុគ្គលិកកិច្ចសន្យាឱ្យចូលបម្រើការងារនៅបេឡាជាតិសន្ដិសុខសង្គមស្នាក់ការកណ្ដាល ប.ស.ស. និងសាខាខណ្ឌចំនួន៤ ក្នុងរាជធានីភ្នំពេញ រួមទាំងខេត្តចំនួន ៣ រួមមាន៖ ខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ដោយមានបេក្ខជនចូលរួមប្រឡងប្រជែងបែងចែកជា ៣វេន សរុបប្រមាណជាង ៧០០នាក់។
ក្នុងឱកាសមុនពេលចាប់ផ្ដើមដំណើរការនៃការប្រឡង ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្ដីទី បានអញ្ជើញចុះសំណេះសំណាលដោយផ្ទាល់ និងបានមានប្រសាសន៍ផ្ដាំផ្ញើរជូនបេក្ខជន បេក្ខនារីទាំងអស់ ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ពីព្រោះសម្រាប់នីតិកាលអាណត្តិទី៧នេះ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការប្រឡងគ្រប់ស្ថាប័នអ្នកចេះ គឺជាប់។
ការប្រឡងប្រជែងជ្រើសរើសបុគ្គលិកកិច្ចសន្យាឱ្យចូលបម្រើការងារនៅបេឡាជាតិសន្ដិសុខសង្គម នៅស្នាក់ការកណ្ដាល សាខាខណ្ឌ និងខេត្តចំនួន៣ នាពេលនេះ គឺផ្ដោតលើមុខជំនាញចំនួន ៦ផ្នែកផ្សេងគ្នា មានដូចជា ផ្នែកគណនេយ្យ, ផ្នែកប្រចាំការផ្ដល់ព័ត៌មាន, ផ្នែកសម្របសម្រួលមន្ទីរពេទ្យ, ផ្នែកវេជ្ជបណ្ឌិត, ផ្នែកគិលានុបដ្ឋាក, និងផ្នែកព័ត៌មានវិទ្យា។
សម្រាប់ការប្រឡងត្រូវបានចែកចេញជា ៤វិញ្ញាសា គឺវិញ្ញាសាវាយពាក្យ ចំណេះដឹងទូទៅ ចំណេះដឹងពាក់ព័ន្ធនឹងវិស័យសន្ដិសុខសង្គម និងភាសាអង់គ្លេសទូទៅ ដែលមានរយៈពេលប្រឡង ៤៥នាទី។ ដោយឡែកសម្រាប់ផ្នែកគណនេយ្យ, ផ្នែកវេជ្ជបណ្ឌិត, ផ្នែកគិលានុបដ្ឋាក, និងផ្នែកព័ត៌មានវិទ្យា គឺមានវិញ្ញាសាវាយពាក្យ ចំណេះដឹងពាក់ព័ន្ធជំនាញ ចំណេះដឹងពាក់ព័ន្ធនឹងវិស័យសន្ដិសុខសង្គម និងភាសាអង់គ្លេសទូទៅ ដែលមានរយៈពេលប្រឡង ៤៥នាទីដូចគ្នា៕