រដ្ឋលេខាធិការក្រសួងអប់រំ បើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងយុទ្ធសាស្ត្រការអប់រំឌីជីថល សម្រាប់សាលារៀន
ភ្នំពេញ៖ ឯកឧត្តម អ៊ុង បូរាត រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីសេចក្តីព្រាងយុទ្ធសាស្រ្តការអប់រំឌីជីថលសម្រាប់សាលារៀន នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ នាយកដ្ឋានជំនាញ មន្ទីរអប់រំ យុវជន និងកីឡា ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន។
ក្នុងពិធីបើកនេះ ឯកឧត្តម រដ្ឋលេខាធិការបានលើកឡើងពីទិដ្ឋភាពនៃការអប់រំឌីជីថល ដែលក្រសួងអប់រំ យុវជន និងកីឡាបានធ្វើកំណែទម្រង់ប្រព័ន្ធអប់រំដើម្បីលើកកម្ពស់គុណភាពអប់រំ តាមរយៈការដាក់ចេញនូវគោលនយោបាយនិងកម្មវិធីជាបន្តបន្ទាប់ ក្នុងគោលបំណងលើកកម្ពស់ការអប់រំតាមប្រព័ន្ធបច្ចេកវិទ្យា។ សម្រាប់ឆ្នាំ២០២៣-២០២៨ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវចំណុចអាទិភាពបរិវត្តកម្មអប់រំចំនួន៨ ដែលក្នុងនោះមានអាទិភាពមួយ គឺ “ការអប់រំឌីជីថល”។ ការអប់រំឌីជីថលក៏ជាមធ្យោបាយដ៏សំខាន់មួយក្នុងការជម្រុញបរិវត្តកម្មក្នុងវិស័យអប់រំ ដើម្បីកសាងប្រព័ន្ធអប់រំកម្ពុជាឱ្យមានភាពធន់។
ក្រោមការគាំទ្រថវិកាពីមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍសមត្ថភាពវិស័យអប់រំ (CDPF) និងការសហការពីអង្គការយូនីសេហ្វ បាននិងកំពុងរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រការអប់រំឌីជីថលសម្រាប់សាលារៀន ដែលគ្របដណ្តប់គ្រប់សមាសភាពសំខាន់ៗរួមមាន៖ ១.សាលារៀនមានបរិយាកាសអំណោយផលសម្រាប់ការប្រើបច្ចេកវិទ្យាឌីជីថល ២. គ្រូបង្រៀននិងអ្នកអប់រំមានតួនាទីជាអ្នកលើកទឹកចិត្តនិងជាអ្នកដឹកនាំដើម្បីបង្កើតសង្គមពុទ្ធិជនដោយប្រើបច្ចេកវិទ្យាឌីជីថល ៣. នាយក/នាយិកាជាអ្នកដឹកនាំមានចក្ខុវិស័យ និងជាអ្នកស្រាយបញ្ហា ដោយប្រើបច្ចេកវិទ្យាឌីជីថល និង ៤. កម្មវិធីសិក្សាឌីជីថល និងគរុកោសល្យឌីជីថលជួយដល់បរិវត្តកម្មនៃការរៀន។
ឯកឧត្តមលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ដែលមានក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ អង្គកាមិនមែនរដ្ឋាភិបាល និងវិស័យឯកជននៅទីនេះ និងដទៃផ្សេងទៀត ចូលរួមផ្តល់ការគាំទ្រឱ្យបានសកម្មទាំងធនធានថវិកា និងបច្ចេកទេសទៅដល់សាលារៀន នៅពេលដែលឯកសារយុទ្ធសាស្ត្រការអប់រំឌីជីថលនេះត្រូវបានអនុម័ត និងដាក់ឱ្យអនុវត្ត។ ជាពិសេស នៅថ្នាក់មន្ទីរ រាជធានីខេត្ត ឈ្វេងយល់ឱ្យបានច្បាស់នូវឯកសារទាំងមូលនេះ និងដាក់បញ្ចូលទៅក្នុងផែនការសកម្មភាពនៅក្នុងអង្គភាព និងគ្រឹះស្ថានសិក្សាសាធារណៈគ្រប់កម្រិតនៅក្រោមឱវាទរបស់ខ្លួន ក្នុងការយកទៅអនុវត្ត ឱ្យឆ្លើយតបទៅនឹងអាទិភាពកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា និងជាតិទាំងមូល។
ជាទីបញ្ចប់ ឯកឧត្តម បានថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ជាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ នាយកដ្ឋានជំនាញ មន្ទីរអប់រំ យុវជន និងកីឡា ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន បានចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ជាពិសេសមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍសមត្ថភាពវិស័យអប់រំ (CDPF) តាមរយៈ អង្គការយូនីសែហ្វ ដែលបានផ្តល់ការគាំទ្រក្នុងការរៀបចំយុទ្ធសាស្រ្តស្តីពីការអប់រំឌីជីថលសម្រាប់សាលារៀន៕