នាយករដ្ឋមន្ត្រី៖ ជឿទុកចិត្តចុះបងប្អូន កម្ពុជាកាន់តែរឹងមាំ អធិបតេយ្យភាពត្រូវតែរក្សាឲ្យបាន កម្ពុជាកាន់តែសម្បូរសប្បាយ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យជឿទុកចិត្តចុះថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេច មិនធ្វើឱ្យបាត់បង់ប្រយោជន៍ប្រជាពលរដ្ឋ និងអធិបតេយ្យជាតិនោះឡើយ។
ក្នុងឱកាសអញ្ជើញចុះជួប សំណេះ សំណាលជាមួយកម្មករ និយោជិតសរុប ១៨,១០៤នាក់ នៅស្រុកបាទី ខេត្តតាកែវ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ជាសារមួយ ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ។ តើកម្ពុជាធ្វើពាណិជ្ជកម្មជាមួយចិន ជាកូនជឹងចិនមែនទេ? តើធ្វើពាណិជ្ជកម្មជាមួយចិន ធ្វើឲ្យកម្ពុជាបាត់ឯករាជ្យភាពឬទេ? វាអត់ទេ ហើយខ្ញុំបានបញ្ជាក់ ជឿទុកចិត្តចុះបងប្អូន ជំនាន់ចៅទួត ចៅលួត ចៅលា បងប្អូនជាមួយខ្ញុំ កម្ពុជាកាន់តែរឹងមាំ អធិបតេយ្យភាព ត្រូវតែរក្សាឲ្យបាន កម្ពុជាកាន់តែសម្បូរសប្បាយ» ៕