កម្ពុជា ជឿថា កិច្ចសហប្រតិបត្តិការ សន្តិសុខសាធារណសកល នឹងអាចប្រមូលផ្ដុំនូវវិធានការសរុប
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ជឿជាក់ថា សន្និសីទប្រចាំឆ្នាំ២០២៣ នៃវេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណសកល នឹងអាចប្រមូលផ្ដុំនូវវិធានការសរុប ឈានទៅដោះស្រាយបាននូវបញ្ហាប្រឈមនានា ដែលជាក្ដីបារម្ភរួមពាក់ព័ន្ធវិស័យសន្តិសុខ ក្នុងបុព្វហេតុរួមនៃសន្តិភាព ការអភិវឌ្ឍ និងវិបុលភាពសម្រាប់ប្រជាជាតិទាំងអស់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងសុន្ទរកថាបើកសន្និសីទប្រចាំឆ្នាំ២០២៣ នៃវេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណសកល ក្រោមប្រធានបទ ”ពិភពលោកមួយសន្តិសុខរួម” នៅថ្ងៃពុធ ទី២០ កញ្ញា ២០២៣នេះថា វេទិកានេះបានបង្កលក្ខណៈនិងលទ្ធភាពដល់គ្រប់ អង្គភាពពាក់ព័ន្ធ ជាពិសេសអង្គអនុវត្តច្បាប់ប្រទេសជាច្រើនបានជួបជុំ ផ្លាស់ប្ដូរមតិយោបល់ ព្រមទាំងបទពិសោធន៍សំខាន់ៗ ដើម្បីបម្រើដល់កិច្ចការថែរក្សា សន្តិសុខក្នុងប្រទសរបស់ខ្លួននិងសន្តិសុខសាកល។
សម្តេចធិបតី ជឿជាក់ថា «កិច្ចពិភាក្សាលម្អិតគ្រប់ជ្រុងជ្រោយនឹងការ ផ្លាសប្ដូរបទពិសោធន៍ល្អរវាងអង្គសន្និសីទទាំងមូលនៃបញ្ហានេះ នឹងអាចរកឃើញនូវវិធានគន្លឹះចាំបាច់មួយចំនួនបន្ថែមទៀតដែលបម្រើដល់ឧត្តមប្រយោជន៍នៃកិច្ចការថែរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៃបណ្ដាប្រទេសនានានិងសន្តិសុខសកលជាក់ជាមិនខាន»។
សម្តេចធិបតី គូសបញ្ជាក់ថា សន្និសីទនេះ ឆ្លុះបញ្ចាំងតថភាពបច្ចុប្បន្ន ចក្ខុវិស័យវែងឆ្ងាយនៃភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយប្រកបដោយចីរភាពដែលផ្ដោតសំខាន់លើការថែរក្សាសន្តិសុខសកល សំដៅបង្កើតឡើងនូវកាលានុវត្តភាពនៃការវិវត្តនៃវិបុលភាពសង្គម សេដ្ឋកិច្ចសម្រាប់មនុស្សគ្រប់រូប។
ចក្ខុវិស័យវែងឆ្ងាយនេះក៏មានសង្គតិភាព ត្រូវនឹងការប្ដេជ្ញាចិត្តទាំងកម្រិតនយោបាយនិងកម្រិតបច្ចេកទេសរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីលើកកម្ពស់កិច្ចសហប្រតិការសន្តិសុខ ដើម្បីសន្តិភាពសុវត្ថិភាព ភាពសុខដុមរមនា និងការអភិវឌ្ឍនៅថ្នាក់ជាតិ តំបន់ និងអន្តរជាតិ ក្នុងន័យនេះរាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមរៀបចំលិខិតូបករណ៍ គោលនយោបាយពាក់ព័ន្ធនានាដើម្បីលើកម្ពស់ការផ្សាភ្ជាប់ជិតស្និទ្ធរវាងកងកម្លាំងអនុវត្តច្បាប់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕