ឯកឧត្តម វ៉ាត់ ចំរើន៖ ការផ្តល់អនុសាសន៍ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាការជំរុញចិត្តសាស្ត្រកីឡាមួយយ៉ាងធំ
ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ទទួលបន្ទុកអនុប្រធានប្រតិភូកម្ពុជាបានលើកឡើងថា ការផ្តល់អនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាល គឺជាការជំរុញចិត្តសាស្ត្រកីឡាមួយយ៉ាងធំ សម្រាប់ប្រតិភូកីឡាទាំង១៧ប្រភេទកីឡារបស់កម្ពុជា ក្នុងការប្រកួតកីឡាអាស៊ី នៅទីក្រុងហាន់ចូវ ប្រទេសចិន ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣។ នេះជាការបញ្ជាក់របស់ឯកឧត្តម នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុនពេលចាក់ចេញហោះកៅកាន់ប្រទេសចិន នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ។
ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ជូនថា ការចេញដំណើរនេះប្រកបដោយក្តីសង្ឃឹម និងជឿជាក់លើការចូលរួមប្រកួតប្រជែងមេដាយ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ដែលត្រូវបានប្រារព្ធធ្វើឡើងរៀងរាល់៤ឆ្នាំម្តង។ កាលពីរសៀលម្សិលមិញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានជួបសំណេះសំណាលផ្តល់អនុសាសន៍ដល់ប្រតិភូកីឡាកម្ពុជា សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីនេះ ដោយធ្វើយ៉ាងណាឲ្យអត្តពលិកកម្ពុជាចូលរួមប្រកួតប្រកដោយមោទនភាពជាតិ និងថែរក្សាឱ្យបាននូវកិត្តិយសជាតិ ដោយរក្សាមិត្តភាពល្អជាមួយម្ចាស់ផ្ទះចិន និងបណ្តាប្រទេសចូលរួមក្នុងអាស៊ីទាំងមូលចំនួន ៤៥ប្រទេស។
ឯកឧត្ដមរដ្ឋលេខាធិការបានថ្លែងថា ការផ្តល់អនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី គឺជាការជំរុញចិត្តសាស្ត្រកីឡាមួយយ៉ាងធំ ដោយយើងធ្លាប់ដឹងហើយថា រៀងរាល់ដង ជាប្រពៃណី សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែធ្លាប់បានលើកទឹកចិត្តដល់ប្រតិភូកីឡាកម្ពុជា ក្នុងពេលចេញទៅប្រកួតអន្តរជាតិម្តងៗផងដែរ។ ទាំងនេះគឺជាសក្ខីភាពមួយ ក្នុងការលើកទឹកចិត្តដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី។
ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមថា៖ «ការរៀបចំចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីនេះគឺទទួលបានកិច្ចសហការពីស្ថាប័នពាក់ព័ន្ធ ដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ហើយខ្ញុំក៏ដឹកនាំផ្នែកកីឡា ដែលត្រូវបានចាត់តាំង និងការអនុញ្ញាតដោយតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់ចេញនូវគោលការណ៍ជាច្រើនក្នុងការត្រៀមលក្ខណៈប្រកួតឱ្យបានល្អប្រសើរ»។
សូមបញ្ជាក់ថា ប្រតិភូកីឡាកម្ពុជាបានចេញដំណើរទៅប្រកួតកីឡាអាស៊ី (ASIAN Games) លើកទី១៩ នៅទីក្រុងហាន់ចូវ សាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាប្រធានប្រតិភូកីឡាកម្ពុជា។ ក្នុងការចេញដំណើរព្រឹកនេះ ក៏មានក្រុមកីឡាតេក្វាន់ដូ និងយូដូបានរួមដំណើរជាមួយគ្នា ខណៈប្រភេទកីឡាមួយចំនួនទៀត បានចេញទៅហ្វឹកហាត់នៅចិនបានចេញដំណើរកាលពីថ្មីៗនេះជាបន្តបន្ទាប់ សរុបចំនួន១៧ប្រភេទកីឡា ដែលក្នុងនោះមាន១០ប្រភេទកីឡាជាប្រភេទកីឡាអូឡាំពិក និង៧កីឡាទៀតជាប្រភេទកីឡាមិនអូឡាំពិក។
ក្នុងចំណោម១៧ប្រភេទកីឡារបស់កម្ពុជា ក្នុងកីឡាអាស៊ី លើកនេះ គឺមាន៦ទៅ៧ប្រភេទកីឡាដែរ ដែលអាចឈានឆ្ពោះទៅរកកម្រិតមេដាយជូនជាតិបាន ដូចជាប្រភេទកីឡាគ្រីកឃីត តេក្វាន់ដូ WT ចំបាប់ ជឺជីតស៊ូ និងយូដូ ជាដើម។
សម្រាប់កីឡាអាស៊ី គឺមានការប្រកួតកម្រិតខ្ពស់ណាស់ ដែលប្រទេសមានសក្តានុពលខ្ពស់ផ្នែកីឡាច្រើនណាស់ក្នុងកម្រិតពិភពលោក ដូចជាម្ចាស់ផ្ទះ ចិន កូរ៉េ ជប៉ុន អ៊ីរ៉ង់ កាហ្សាក់ស្ថាន។ ដូច្នេះ យើងទាំងអស់គ្នាមានតែការខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព គោរពឱ្យបានខ្ជាប់ខ្ជួនជាទីបំផុតនូវអនុសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីត្រឡប់មកវិញជាមួយនឹងកិត្តិយសជាតិ និងជោគជ័យ នៅក្នុងបេសកកម្មដ៏វិសេសវិសាល សម្រាប់ជាតិមាតុភូមិ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩នេះ។