ក្រសួងបរិស្ថាន និង JICA ប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកឱ្យកាន់តែជិតស្និទ្ធ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យលោក សានុយ កាហ៊្សុម៉ាសា (Sanui Kazumasa) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
នៅក្នុងជំនួបពិភាក្សានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងពីកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អ និងទទួលបានជោគជ័យដោយបានបញ្ចប់អំពីការតាមដាន និងត្រួពិនិត្យ លើផែនការសកម្មភាព ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ សម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិ ឆ្នាំ២០១៨-២០២២ នាពេលកន្លងមក។ ក្នុងនោះគម្រោងក៏បានបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់ឧទ្យាននុរក្ស លើភាពជាអ្នកដឹកនាំ ការអនុវត្តច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ការលើកស្ទួយជីវភាពសហគមន៍មូលដ្ឋានបច្ចេកវិទ្យាក្នុងការអភិរក្ស បច្ចេកទេសល្បាត និងការជួយសង្គ្រោះបឋមជាដើម។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងកោតសរសើរខ្ពស់ចំពោះកិច្ចសហការនេះ និងថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ប្រជាជនជប៉ុន រដ្ឋាភិបាលជប៉ុន តាមរយៈគម្រោងអភិវឌ្ឍរបស់ JICA ហើយលោកស្វាគមន៍ជានិច្ច ចំពោះកិច្ចសហការទាំងអស់ ដែលបានផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា។
លើសពីនេះឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់លើការងារអាទិភាពរបស់ក្រសួង ដែលត្រឹមតែរយៈពេល ២១ថ្ងៃនេះ គឺមានមន្ត្រីបរិស្ថាន ថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ សិស្សានុ សិស្ស ជាច្រើន នៅក្នុងប្រទេសកម្ពុជា បានចូលរួមយុទ្ធនាកាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកយ៉ាងផុសផុលផងដែរ។
ជាមួយគ្នានោះដែរ គោលដៅអាទិភាពទី២ គឺការស្តារ និងដាំដើមឈើឡើងវិញ ជាយុទ្ធសាស្រ្តក្រសួងបរិស្ថាន និងផ្តល់កូនឈើគ្រប់ប្រភេទ ១លានដើម ជារៀងរាល់ឆ្នាំ ហើយចំពោះលោករដ្ឋមន្រ្តីផ្ទាល់នឹងផ្តល់៣០ម៉ឺនដើមផងដែរ។ ចំពោះអាទិភាពទី៣ ផ្តោតលើការលើកកម្ពស់ជីវភាពប្រជាសហគមន៍ ដោយផ្លាស់ប្រែពីការចូលព្រៃកាប់ឈើ មកជានាំភ្ញៀវទេសចរ ចូលព្រៃទស្សនាធនធានធម្មជាតិ ផ្តល់សេវាកម្មទេសចរណ៍ ដាំដំណាំហូបផ្លែ ដាំស្រូវ ទាំងនេះគឺជាការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព។
នាឱកាសនោះលោក សានុយ កាហ៊្សុម៉ាសា (Sanui Kazumasa) បានឯកភាពលើគោលដៅអាទិភាពរបស់ក្រសួង ហើយនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកឱ្យជិតស្និទ្ធបន្ថែមទៀតខណៈ ដែលប្រទេសទាំងពីរជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយគ្នា ៕