ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក សម្រាប់សមាជិកក្រុមហ៊ុនធ្វើអាជីវកម្ម ផ្តល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងសមាជិកសមាគមរួមគ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក សម្រាប់សមាជិកក្រុមហ៊ុនធ្វើអាជីវកម្ម ផ្តល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងសមាជិកសមាគមរួមគ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួងមហាផ្ទៃ ព្រមទាំងសិក្ខាកាមពីក្រុមហ៊ុនចំនួន៨ សរុបប្រមាណ ២៧០រូប។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្នុងគោលបំណងផ្តល់ចំណេះដឹង និងពង្រឹងបន្ថែមនូវការយល់ដឹងពី ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ផ្តោតសំខាន់លើប្រធានបទចំនួន៣ គឺ៖ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសទោចក្រយានយន្ត និងត្រីចក្រយានយន្ត ព្រមទាំងយន្តការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
ឯកឧត្តម ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានធ្វើរបាយការណ៍ជូនអង្គពិធីពីការរៀបចំវគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ដែលមានគោលបំណងផ្តល់ចំណេះដឹងបន្ថែមដល់បងប្អូន ដែលប្រកបរបរដឹកជញ្ជូន ដោយត្រូវយកចិត្តទុកដាក់ក្នុងការផ្តល់សេវាជូនអតិថិជន ប្រកបដោយក្រមសីលធម៌ និងបើកបរប្រកបដោយសុវត្ថិភាព។ ក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ឹម យ៉ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានធ្វើសេចក្ដីរាយការណ៍ពីគ្រោះថ្នាក់ចរាចរណ៍ ក្នុងឆ្នាំកន្លងទៅជូនអង្គពិធីផងដែរ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍ណែនាំដល់សិក្ខាកាម ដែលបានចូលរួមទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេស លើកជាសំណួរឱ្យបានផុលផុស ព្រមទាំងក្រើនរំលឹកដល់សិក្ខាកាម និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរប្រកបដោយក្រមសីលធម៌ និងចេះអធ្យាស្រ័យគ្នាទៅវិញទៅមក សំដៅរួមចំណែកទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឱ្យមកនៅកម្រិតទាបបំផុត និងស្របតាមផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ និងស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចណ៍» ៕