សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អញ្ជើញដឹកនាំសម័យប្រជុំទី១០ នៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ ដែលកាកបាទក្រហមកម្ពុជាធ្វើជាម្ចាស់ផ្ទះ
ភ្នំពេញ៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំសម័យប្រជុំទី១០ ដើម្បីប្រជុំពិនិត្យសេចក្ដីព្រាង ឈានទៅអនុម័តសេចក្ដីថ្លែងការណ៍រាជធានីភ្នំពេញ ដែលបូកសរុបលទ្ធផលនៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍។
កិច្ចប្រជុំនេះបានធ្វើឡើង ក្នុងឱកាសកាកបាទក្រហមកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ ពីថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីសំណាក់គណៈប្រតិភូសហព័ន្ធអន្តរជាតិ អគ្គលេខាធិការអាស៊ាន ប្រតិភូគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម និងប្រតិភូនៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ទាំង១១ប្រទេស និងដៃគូពាក់ព័ន្ធជាច្រើនទៀត។
សម័យប្រជុំទី១០ ដែលប្រជុំពិនិត្យសេចក្ដីព្រាង ឈានទៅអនុម័តសេចក្ដីថ្លែងការណ៍រាជធានីភ្នំពេញ ដែលបូកសរុបលទ្ធផលនៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ បានទទួលការឯកភាពទាំងស្រុង ពីថ្នាក់ដឹកនាំនៅអង្គកិច្ចប្រជុំ។បន្ទាប់ពីទទួលបានឯកភាពលើសម័យប្រជុំទី១០ លើសេចក្ដីថ្លែងការណ៍រាជធានីភ្នំពេញ ប្រតិភូសមាគមជាតិនីមួយៗចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រាជធានីភ្នំពេញ៕