ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំលើកទី២ នៃក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នារសៀលថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ នៃក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមជាអនុប្រធាន និងសមាជិក នៃក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការមួយចំនួន នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាផងដែរ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ ចំនួន២ រួមមាន៖
ទី១-ការពិនិត្យលើសេចក្តីព្រាងលិខិតបទដ្ឋាន ពាក់ព័ន្ធនឹងការរៀបចំ និងការប្រព្រឹត្តទៅ សម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម និងព្រះរាជអាជ្ញា ជំនាន់ទី១២, សិស្សក្រឡាបញ្ជីជំនាន់ទី៩, សិស្សអាជ្ញាសាលាជំនាន់ទី៣, និងសិស្សសារការីជំនាន់ទី៤។
ទី២-ការពិនិត្យ និងវាយតម្លៃលើកិច្ចដំណើរការការងាររបស់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា, ការលើកទិសដៅការងារបន្ត និងផែនការសកម្មភាពរបស់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា សម្រាប់ឆ្នាំ ២០២៤-២០២៥ ៕