វត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត នៅអង្គការសហប្រជាជាតិ ជាវិញ្ញាសាធ្វើឱ្យជនក្បត់ជាតិ៣ជំនាន់ ត្រូវបរាជ័យតជំនាន់
ភ្នំពេញ៖ ក្រុមប្រឆាំងមួយក្តាប់តូចប្រឹងស្រែកក្បែររបងទីស្នាក់ការអង្គការសហប្រជាជាតិស្ទើរបែកបំពង់កយ៉ាងណាក្តី ប៉ុន្តែមិនបានបង្កការរំខាន ឬបន្ទុចបង្អាក់ណាមួយ ដល់ដំណើររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញឡើងថ្លែងសុន្ទរកថានៅអង្គការសហប្រជាជាតិនោះឡើយ។
នៅយប់ថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញឡើងនៅអង្គការសហប្រជាជាតិដោយស្របច្បាប់ និងប្រកបដោយកិត្តិយសក្នុងឋានៈជានាយករដ្ឋមន្ត្រីរបស់កម្ពុជា តំណាងឱ្យប្រជាជាតិកម្ពុជាទាំងមូល។ នៅមុនពេលឡើងថ្លែងសុន្ទរកថានោះ សម្តេចធិបតី ក៏បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក អង់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ។
នៅមុនពេលសម្តេចធិបតី អញ្ជើញទៅថ្លែងនៅអង្គការសហប្រជាជាតិ ក្រុមប្រឆាំងក្រៅប្រទេស ដឹកនាំដោយលោក សម រង្ស៉ី មូរ សុខហួរ អេង ឆៃអ៊ាង ជាដើម បានបំផុសចលនាឱ្យខ្មែរប្រឆាំងនៅអាមេរិក និងបណ្តាប្រទេសនានា នាំគ្នាប្រមូលផ្តុំតវ៉ាទាមទារអង្គការសហប្រជាជាតិ កុំអនុញ្ញាតឱ្យសម្តេចធិបតីនាយករដ្ឋមន្ត្រី ឡើងថ្លែងនៅអង្គការសហប្រជាជាតិ។ ពួកគេចាត់ទុកការបោះឆ្នោតនៅកម្ពុជាមិនត្រូវ និងថាសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីមិនស្រុបច្បាប់ជាដើម។
នៅថ្ងៃសុក្រ ទី២២ ខែកញ្ញា ក្រុមប្រឆាំងដែលប្រឹងប្រែងប្រមូលគ្នាបានចំនួនតិចតួចបំផុតនោះ ក៏បាននាំគ្នាទៅប្រមូលផ្តុំតវ៉ាជិតអង្គការសហប្រជាជាតិផងដែរ។ ប៉ុន្តែការតវ៉ារបស់ពួកគេមិនមានអានុភាពណាមួយលើសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិនោះឡើយ។
វត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត នៅអង្គការសហប្រជាជាតិ គឺជាវិញ្ញាសា នាំឱ្យក្រុមប្រឆាំងទទួលការបរាជ័យយ៉ាងអាម៉ាស់ជាទីបំផុត ជាពិសេសជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី។ ពេលនេះជនក្បត់ជាតិ៣ជំនាន់សមរង្ស៉ី បានក្លាយទៅជាអ្នកចាញ់តជំនាន់ ពោលចាញ់តាំងពីប្រកួតជាមួយ សម្តេចតេជោ រហូតដល់សម្តេចធិបតី ហ៊ុន ម៉ាណែត។
បរាជ័យមួយនេះ ក្រុមប្រឆាំងទាំងឡាយដែលជាសាវករបស់ជនក្បត់ជាតិ សម រង្ស៉ី ល្មមភ្ញាក់ខ្លួនហើយ ថាមេរបស់ខ្លួនអន់ដល់កម្រិតណានោះ? តើគួរបន្តលង់ជឿ ឬឱ្យជនកម្សោយបែបនេះដឹកមុខដល់ពេលណាទៀត?៕