នាយករដ្ឋមន្ត្រីកម្ពុជា ប្ដេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយ រដ្ឋសមាជិកទាំងអស់ ក្រោមស្ថាប័ន UN ដើម្បីសម្រេចបានសេចក្ដីប្រាថ្នារួម
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្ដេជ្ញានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ រដ្ឋសមាជិកទាំងអស់ ក្រោមស្ថាប័នអង្គការសហប្រជាជាតិ ដ៏ឧត្ដុងឧត្ដម ដើម្បីសម្រេចបានសេចក្ដីប្រាថ្នារួម ។
តាមរយៈវីដេអូសុន្ទរកថា ថ្លែងក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត លើកទី ៧៨ របស់អង្គការសហប្រជាជាតិ
ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២២ កញ្ញា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអបអរសារទរ ឯកឧត្ដម ដេននីស ហ្វ្រង់ស៊ីស ជាប់ជាប្រធានសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ គឺសសមស្របនឹងកាលៈទេសៈ និងបរិបទសកលលោក នាពេលនេះ ការពិភាក្សាក្រោមមូលបទ «ការកសាងទំនុកចិត្ត និងការជំរុញសាមគ្គីភាពសកលឡើងវិញ ការពន្លឿនសកម្មភាពលើរបៀបវារៈឆ្នាំ២០២៣ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព ឆ្ពោះទៅរក សន្ដិភាព វិបុលភាព ការរីកចម្រើន និងចីរភាពទាំងអស់គ្នា។
សម្ដេចបញ្ជាក់ថា «ខ្ញុំពិតជាមានសេចក្ដីសោមនស្ស ដែលបានថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំដ៏ឧត្ដុងឧត្ដមនេះ ក្នុងនាមជានាយករដ្ឋមន្រ្តីនៃកម្ពុជា ខ្ញុំប្ដេជ្ញានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ រដ្ឋសមាជិកទាំងអស់ ក្រោមស្ថាប័នអង្គការសហប្រជាជាតិ ដ៏ឧត្ដុងឧត្ដម ដើម្បីសម្រេចបានសេចក្ដីប្រាថ្នារួមរបស់យើង» ។
សម្ដេចបន្តថា ការប្រែប្រួល អាកាសធាតុក៏គំរាមកំហែង ដល់អស្ថិរភាពនៃមនុស្សជាតិផងដែរ បើគ្មានសកម្មភាព ប្រកបដោយមហិច្ចតា និងបន្តាន់របស់ពួកយើងទេ ពិភពលោកនឹងជួបប្រទះ ការកើនឡើងនៃអត្រាភាពក្រីក្រ ភាពអត់ឃ្លាន ហានិភ័យនៃជំងឺរាតត្បាត និងវដ្ដដ៏ជ្រាលជ្រៅនៃអស្ថិរភាព និងជម្លោះ។
សម្ដេចលកឡើងថា ឥឡូវនេះ ជាវេលាចាំបាច់ ដើម្បីស្ដារឡើងវិញនូវទំនុកចិត្ត ផ្នែកសន្តិសុខជាយុទ្ធសាស្រ្ត រវាងប្រជាជាតិទាំងអស់ និងទំនុកចិត្តទៅលើប្រព័ន្ធសកល ផ្អែកលើវិធានការច្បាប់ ការណ៍នេះតម្រូវឱ្យរដ្ឋទាំងអស់ ត្រូវគោរពឱ្យបានពេញលេញនូវច្បាប់ និងបទដ្ឋានអន្តរជាតិ រួមទាំងគោលដែលមានចែងក្នុងធម្មនុញ្ញ របស់អង្គការសហប្រជាតិ ៕