សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មហាសន្និបាត UN ថា ដំណើរការកសាង លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មានការរីកចម្រើនជាលំដាប់
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងប្រាប់មហាសន្និបាត អង្គការសហប្រជាជាតិថា ដំណើរការកសាង លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មានការរីកចម្រើនជាលំដាប់ ។
ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិ នាថ្ងៃទី២២ កញ្ញា សម្ដេចមហាបវរធិបតី បញ្ជាក់ថា «ដំណើរការកសាងលទ្ធិប្រជាធិបតេយ្យ ក៏មានការរីកចម្រើនជាលំដាប់ កាលពីខែកក្កដា ឆ្នាំនេះ កម្ពុជាបានរៀបចំការបោះឆ្នោតសកលប្រកបដោយជោគជ័យ ដោយមានគណបក្សនយោបាយចំនួន១៨ ចូលរួមប្រកួតប្រជែង ប្រជាជនជាង ៨.២លាននាក់បានទៅបោះឆ្នោត ស្មើនឹងអត្រាអ្នកទៅបោះឆ្នោត ៨៤.៥៩ភាគរយ ដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីការបោះឆ្នោត ដែលរៀបចំដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៩៣» ។
សម្ដេចបន្តថា នេះគឺជាសក្ខីភាពយ៉ាងច្បាស់បង្ហាញពីភាពចាស់ទុំនយោបាយ និងភាពភ្លៀវក្លារបស់ប្រជាជនយើង នៅក្នុងការអនុវត្តសិទ្ធិប្រជាធិបតេយ្យ។ ការបោះឆ្នោតនេះត្រូវបានវាយតម្លៃយ៉ាងទូលំទូលាយថា សេរី និងយុត្តិធម៌ និងអាចទុកចិត្តបាន ដោយអ្នកសង្កេតការណ៍រាប់ពាន់នាក់ បូករួមទាំងអ្នកសង្កេតការណ៍អន្ដរជាតិ ៣៣៣នាក់ មកពីប្រទេសចំនួន៦៥។
សម្ដេចបញ្ជាក់ថា កម្ពុជា ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនទៀតដែរ នៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ ៕