សម្ដេចធិបតី អំពាវនាវឲ្យអន្តរជាតិ បន្ដផ្ដល់ការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីសម្រេចគោលដៅ «កម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥»
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិ នៅថ្ងៃសុក្រ ទី២២ ខែកញ្ញា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ បន្ដផ្ដល់ការគាំទ្រ ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីសម្រេចគោលដៅ «កម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥»។
សម្ដេចលើកឡើងថា បន្ថែមលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងក្របខណ្ឌសកល កម្ពុជាក៏បានបន្ថែមគោលដៅដោយឡែករបស់ខ្លួនទាក់ទងនឹងសកម្មភាពមីន គឺ «កម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥»។
សម្ដេចបញ្ជាក់ថា «ក្នុងការខិតខំប្រឹងប្រែងនេះ កម្ពុជាសូមអំពាវនាវឲ្យមានការបន្ដផ្ដល់ការគាំទ្រ ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស យើងក៏សូមលើកទឹកចិត្តឲ្យមានការចូលរួមឲ្យបានកាន់តែទូលំទូលាយ ពីសហគមន៍អន្ដរជាតិ ដើម្បីបញ្ច្រាបការយល់ដឹងពីគ្រោះថ្នាក់នៃគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលជា «ឃាតកលាក់មុខ» និងបន្ដគំរាមកំហែងដល់សន្ដិសុខមនុស្សជាតិ ទោះបីជាសង្គ្រាមប្រដាប់អាវុធបានបញ្ចប់ទៅហើយក្ដី» ៕