សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការរក្សាបានសន្តិភាព និងស្ថិរភាព ប្រទេសទាំងអស់ចាំបាច់ត្រូវសម្រេចឱ្យបាន នៅក្នុងការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានរំលេចថា ការរក្សាបាននូវសន្តិភាព និងស្ថិរភាព គឺជាអ្វីដែលប្រទេសទាំងអស់ចាំបាច់ត្រូវសម្រេចឱ្យបាននៅក្នុងកិច្ចដំណើរការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច។
សម្តេចធិបតី ហ៊ុន ម៉ាណែត បាន រំលេចបែបនេះក្នុងឱកាសដែលសម្តេចបានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ជាមួយឯកឧត្តម អង់តូនីញ៉ូ ហ្វូទរ៉េស អគ្គលេខាធិការអង្គការ សហប្រជាជាតិ នាទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាព្រឹកថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។
សម្ដេចធិបតី ក៏មានក្តីសោមនស្សដែលបានជួបសម្តែងការគួរសមជាមួយ ឯកឧត្ដមអគ្គលេខាធិការ នៅទីក្រុងញូវយ៉ក ក្រោយពីបានជួបពិភាក្សាគ្នាកាលពី២ សប្ដាហ៍មុន នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី និងបានរំលេចថា បញ្ហាប្រឈមនៅបន្តមាន គ្រាន់តែស្ថិតនៅ ក្រោមទម្រង់ផ្សេងៗគ្នាប៉ុណ្ណោះ។
ជាមួយនឹងកត្តាសន្តិភាពនេះ, ក្នុងនាមប្រជាជននិងប្រទេសកម្ពុជា, សម្តចអធិបតី សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសហប្រជាជាតិ ដែលបានរៀបចំដំណើរការកសាងសន្តិភាព និងការរៀបចំការបោះឆ្នោតនៅកម្ពុជា ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ដែលនាំឱ្យកម្ពុជាមានថ្ងៃនេះ។
ជាមួយគ្នានេះ, សម្ដេចធិបតី ក៏វាយតម្លៃខ្ពស់ចំពោះការចូលរួម និងឧបត្ថម្ភគាំទ្រពីសំណាក់ អង្គការសហប្រជាជាតិ ក្នុងកិច្ចដំណើរការនៃការរៀបចំតុលាការកាត់ទោសខ្មែរក្រហម ដែលអនុញ្ញាតឱ្យ កម្ពុជាបិទបញ្ចប់នូវទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត ដើម្បីធ្វើដំណើរឆ្ពោះទៅរកអនាគតមួយដ៏ត្រចះត្រចង់ ៕