កម្ពុជា-អូស្ត្រាលី ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែល្អប្រសើរ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ផេននី វ័ង រដ្ឋមន្រ្តីការបរទេសអូស្រា្តលី បានប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែល្អប្រសើរ ជាពិសេស តាមរយៈទំនាក់ទំនងល្អប្រសើររវាងប្រជាជន និងប្រជាជន ក៏ដូចជារវាងធុរកិច្ច និងធុរកិច្ច។
ការរួមគ្នាប្តេជ្ញាចិត្តបែបនេះក្នុងជំនួបពិភាក្សាការងារ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នៅទីស្នាក់ការកណ្ដាល អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាព្រឹកថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។
ជាមួយគ្នានេះ លោកជំទាវ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានបញ្ជាក់ជូន សម្ដេចធិបតី អំពីជំហររបស់អូស្ត្រាលី ក្នុងការបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកសាងឱ្យបាននូវឧត្តមប្រយោជន៍រួម សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងជម្នះនូវរាល់ឧបសគ្គ និងភាពខុសគ្នានៃទស្សនៈ ដើម្បីគាំទ្រឱ្យគ្នាទៅវិញទៅមកលើគ្រប់ទិដ្ឋភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់ ៕